FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកប្រើប្រាស់មីស៊ីល Tomahawk ជាង ៨៥០គ្រាប់ ក្នុងសង្គ្រាមរយៈពេល៤សប្តាហ៍ជាមួយអ៉ីរ៉ង់ បង្កឱ្យមានការព្រួយបារម្ភនៅមន្ទីរបញ្ចកោណ (Video inside)

27-03-2026 22:22

(វ៉ាស៊ីនតោន)៖ យោងតាមសេចក្តីរាយការណ៍របស់កាសែត Washington Post នាថ្ងៃសុក្រនេះ យោធាសហរដ្ឋអាមេរិកបានបាញ់មីស៊ីល Tomahawk ច្រើនជាង ៨៥០គ្រាប់ ក្នុងរយៈពេលតែ ៤សប្តាហ៍នៃសង្គ្រាមជាមួយអ៉ីរ៉ង់ ដែលជាអត្រាប្រើប្រាស់អាវុធដ៏ច្រើនសន្ធឹកសន្ធាប់ រហូតធ្វើឱ្យមន្ត្រីមន្ទីរបញ្ចកោណមួយចំនួនមានការព្រួយបារម្ភ និងឈានដល់ការជជែកពិភាក្សាផ្ទៃក្នុងអំពីវិធីបង្កើនសមត្ថភាពផលិតឱ្យបានទាន់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ទោះបីជាមានការលើកឡើងពីក្តីបារម្ភនេះក្តី សេតវិមានបានចេញមុខច្រានចោលយ៉ាងដាច់អហង្ការ ដោយអ្នកនាំពាក្យ លោកស្រី Karoline Leavitt បានបញ្ជាក់ប្រាប់ Reuters ថា៖ «កងទ័ពអាមេរិកមានសព្វាវុធ និងគ្រាប់រំសេវស្តុកទុកគ្រប់គ្រាន់លើសពីអ្វីដែលចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅនៃ «ប្រតិបត្តិការកំហឹងដ៏មហិមា» (Operation Epic Fury) ដែលកំណត់ដោយប្រធានាធិបតី ត្រាំ»។ លោកស្រីបានបន្ថែមថា លោក ត្រាំ នៅតែបន្តជំរុញឱ្យក្រុមហ៊ុនការពារជាតិទាំងអស់ ពន្លឿនការផលិតអាវុធដែលផលិតដោយអាមេរិកផ្ទាល់ ដែលលោកអះអាងថាជាអាវុធដ៏ល្អបំផុតនៅលើពិភពលោក។

គួរបញ្ជាក់ថា ជម្លោះរវាងអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ ដែលកំពុងឈានចូលដល់សប្តាហ៍ទី៤នេះ បានបង្កឱ្យមានតម្រូវការប្រើប្រាស់មីស៊ីលដែលមានភាពជាក់លាក់ខ្ពស់ (Precision weapons) យ៉ាងច្រើនលើសលប់ ដើម្បីកម្ទេចហេដ្ឋារចនាសម្ព័ន្ធយោធា និងរោងចក្រផលិតអាវុធរបស់ទីក្រុងតេហេរ៉ង់។ រហូតមកដល់ពេលនេះ ក្រសួងការពារជាតិអាមេរិក នៅមិនទាន់ផ្តល់ការអត្ថាធិប្បាយណាមួយជាផ្លូវការជុំវិញសេចក្តីរាយការណ៍នេះនៅឡើយទេ៕