បំណែកមីស៊ីលអ៉ីរ៉ង់ធ្លាក់រាយប៉ាយលើទឹកដីអ៉ីស្រាអែល និងតំបន់វេសប៊ែង បង្កក្តីព្រួយបារម្ភដល់ពលរដ្ឋ (Video inside)
27-03-2026 21:26
(ហ្សេរុយសាឡិម)៖ រយៈពេលមួយខែមកនេះ បំណែកមីស៊ីលបាលិស្ទីកដ៏ធំសម្បើមរបស់អ៉ីរ៉ង់ ដែលត្រូវបានប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែលបាញ់ទម្លាក់ បានធ្លាក់រាយប៉ាយពេញទីធ្លាសាលារៀន តាមដងផ្លូវ និងតំបន់ព្រៃភ្នំ នៅទូទាំងប្រទេសអ៉ីស្រាអែល និងតំបន់វេសប៊ែង (West Bank)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
បំណែកមីស៊ីលខ្លះមានទំហំធំស្មើនឹងរថយន្តតូចមួយ ដែលបានបង្កជាទិដ្ឋភាពគួរឱ្យភ័យខ្លាចសម្រាប់ពលរដ្ឋ។ នៅជិតទីក្រុង Nablus នៃតំបន់វេសប៊ែង ក្មេងស្រីម្នាក់ត្រូវបានគេឃើញឈរថតរូបជាមួយបំណែកមីស៊ីលដែលធ្លាក់ចំចម្ការអូលីវ ខណៈនៅឯសាលារៀនក្នុងតំបន់តាំងទីលំនៅរបស់ជនជាតិយូដាវិញ កុមារបាននាំគ្នាឡើងជិះលើកម្ទេចលោហធាតុនៃមីស៊ីល ដែលធ្លាក់ចំទីលានកីឡារបស់ពួកគេ។
អ្នកនាំពាក្យការពារជាតិស៊ីវិល លោក Nael Azza បានឱ្យដឹងថា ប៉ូលិសកំពុងសហការដឹងជញ្ជូនបំណែកទាំងនេះទៅទីតាំងសុវត្ថិភាព ហើយមកទល់ពេលនេះមានជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៣នាក់ ត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងលក់បំណែកមីស៊ីលទាំងនេះជាដែកអេតចាយ៕



