ប្រមុខសិទ្ធិមនុស្ស UN អំពាវនាវឱ្យអាមេរិកបញ្ចប់ការស៊ើបអង្កេតករណីវាយប្រហារសាលារៀននៅអ៉ីរ៉ង់ ដែលសម្លាប់កុមារ និងគ្រូបង្រៀនជាង ១៧៥នាក់ (Video inside)
27-03-2026 20:10
(ហ្សឺណែវ)៖ នាថ្ងៃសុក្រ ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ចប់ការស៊ើបអង្កេតជាបន្ទាន់ និងបង្ហាញលទ្ធផលនៃការវាយប្រហារតាមអាកាសដែលបានកម្ទេចសាលាបឋមសិក្សា Shajareh Tayyebeh ក្នុងប្រទេសអ៉ីរ៉ង់ ដែលបណ្តាលឱ្យកុមារ និងគ្រូបង្រៀនជាង ១៧៥នាក់ស្លាប់ កាលពីដើមខែមីនា។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មានអន្តរជាតិ។
នៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស UN លោក Turk បានថ្លែងតាមរយៈវីដេអូថា «ត្រូវតែមានយុត្តិធម៌សម្រាប់មហន្តរាយដ៏គួរឱ្យរន្ធត់នេះ»។ កាលពីថ្ងៃទី៥ ខែមីនាទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកស៊ើបអង្កេតយោធាអាមេរិកជឿជាក់ថា កងកម្លាំងខ្លួនទំនងជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ ទោះបីជាមន្ទីរបញ្ចកោណនៅមិនទាន់បញ្ចេញលទ្ធផលផ្លូវការនៅឡើយ។
ដោយឡែក អ៉ីស្រាអែលក៏បានអះអាងថាខ្លួនកំពុងស៊ើបអង្កេតលើឧបទ្ទវហេតុនេះផងដែរ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានថ្លែងទៅកាន់ក្រុមប្រឹក្សាថា «អំពើឃោរឃៅនេះ មិនអាចរកលេសកែខ្លួនបានឡើយ ហើយមិនអាចលាក់បាំងបានឡើយ»។ ស្របពេលជាមួយគ្នានេះ តំណាងប្រទេសចិន និងប៉ាគីស្ថាន បានចូលរួមថ្កោលទោសយ៉ាងខ្លាំងក្លា ដោយចាត់ទុកទង្វើនេះថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសីលធម៌មនុស្សជាតិ។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានធ្វើពហិការមិនចូលរួមក្នុងកិច្ចប្រជុំនេះទេ ដោយចោទប្រកាន់ថាស្ថាប័ននេះមានភាពលម្អៀងប្រឆាំងនឹងអ៉ីស្រាអែល។ ទន្ទឹមនឹងការថ្កោលទោសលើសហរដ្ឋអាមេរិក ប្រទេសមួយចំនួនដូចជាអង់គ្លេស និងប្រេស៊ីល ក៏បានរំលឹកពីការរំលោភសិទ្ធិមនុស្សរបស់អ៉ីរ៉ង់ផ្ទាល់ខ្លួន ក្នុងការបង្ក្រាបបាតុករកាលពីខែមករា និងការវាយប្រហារសងសឹកលើគោលដៅស៊ីវិលក្នុងតំបន់ផងដែរ៕


