ប្រធានអង្គការពាណិជ្ជកម្មពិភពលោក អំពាវនាវឱ្យកែប្រែច្បាប់ពាណិជ្ជកម្មសកល ដើម្បីបំពេញតាមសណ្តាប់ធ្នាប់ពិភពលោកថ្មី (Video inside)
27-03-2026 11:48
(Yaounde, កាមេរូន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានអំពាវនាវដល់ប្រទេសនានា ឱ្យរួមគ្នាកែប្រែច្បាប់ពាណិជ្ជកម្មសកល ដោយនិយាយថា សណ្តាប់ធ្នាប់ពិភពលោកពីមុនបានរលាយបាត់មិនវិលវិញ ក្រោយរយៈពេលមួយឆ្នាំនៃភាពចលាចល ដែលបង្កឡើងដោយពន្ធគយអាមេរិក និងភាពតានតឹងកាន់តែទូលំទូលាយខាងភូមិសាស្ត្រនយោបាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦។
នៅពេលចាប់ផ្តើមកិច្ចប្រជុំរយៈពេល ៤ថ្ងៃរបស់ WTO ក្នុងប្រទេសកាមេរូន លោកស្រី Ngozi Okonjo-Iweala ក៏បានដាក់ចេញនូវបញ្ជីបញ្ហាប្រឈម រួមទាំងភាពជាប់គាំងនៃយន្តការដោះស្រាយវិវាទរបស់ WTO ផងដែរ។ លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «សណ្តាប់ធ្នាប់ពិភពលោក និងប្រព័ន្ធពហុភាគីដែលយើងធ្លាប់ស្គាល់ បានប្រែប្រួលហើយ ហេតុនេះយើងត្រូវតែសម្លឹងទៅអនាគត»។
កិច្ចប្រជុំក្នុងទីក្រុង Yaounde បានកើតឡើងចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងអំពីផលប៉ះពាល់នៃសង្គ្រាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ និងបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី បានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំ។ លំនាំនៃការឯកភាពគ្នាបច្ចុប្បន្នរបស់ WTO ត្រូវបានជាប់គាំង ដោយសារតែការជំទាស់ពីប្រទេសមួយចំនួន។
ក្រុមប្រតិភូកំពុងជំរុញ WTO អនុញ្ញាតឱ្យមានក្រុមសមាជិកបង្កើតកិច្ចព្រមព្រៀង នៅក្នុងអង្គការមួយនេះ។ ក្រុមអ្នកការទូត និងមន្ត្រីពាណិជ្ជកម្មបានព្រមានថា បើគ្មានកិច្ចព្រមព្រៀងធ្វើកំណែទម្រង់ទេ ប្រទេសនានាអាចបោះបង់ចោលឧត្តមគតិនៃប្រព័ន្ធពាណិជ្ជកម្មសកលដែលផ្អែកលើច្បាប់ ហើយកំណត់បទប្បញ្ញត្តិផ្ទាល់ខ្លួន៕




