ហ្វីលីពីន និងបារាំង ចុះកិច្ចព្រមព្រៀងយោធា ចំពោះមុខភាពតានតឹងនៅសមុទ្រចិនខាងត្បូង (Video inside)
27-03-2026 10:19
(ម៉ានីល)៖ ហ្វីលីពីន និងបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាមួយដែលនឹងអនុញ្ញាតឱ្យកងកម្លាំងនៃប្រទេសទាំង២ ដឹកនាំការធ្វើសមយុទ្ធយោធាបណ្ដុះបណ្ដាលរួមលើទឹកគ្នាទៅវិញទៅមក ខណៈទីក្រុងម៉ានីលកំពុងពង្រីកទំនាក់ទំនងយោធា នៅចំពោះមុខភាពតានតឹងជាមួយចិនក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចព្រមព្រៀងខាងលើត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងរដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំង និងអតីតយុទ្ធជន លោកស្រី Catherine Vautrin កាលពីថ្ងៃទី២៦ ខែមីនា អំឡុងកិច្ចប្រជុំមួយក្នុងទីក្រុងប៉ារីស ជាទីដែលអ្នកទាំង២បានពិភាក្សាគ្នាអំពីបញ្ហាប្រឈមក្នុងតំបន់ និងបញ្ជាក់ឡើងវិញរៀងៗខ្លួនពីការគាំទ្រដល់សណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ជាមូលដ្ឋាន។
រដ្ឋមន្ត្រីនៃប្រទេសទាំង២ ក៏បានអំពាវនាវផងដែរឱ្យមានដំណោះស្រាយសន្តិវិធីក្នុងការដោះស្រាយជម្លោះ និងភាពចាំបាច់ដើម្បីពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងគ្រាមានវិបត្តិ។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិហ្វីលីពីន បាននិយាយថា «កិច្ចព្រមព្រៀងយោធាខាងលើនឹងជំរុញយ៉ាងអស្ចារ្យដល់កិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្ដល់កម្រិតការពារផ្នែកច្បាប់គ្រប់គ្រាន់សម្រាប់ការធ្វើសកម្មភាពរួមគ្នា រវាងកងកម្លាំងប្រដាប់អាវុធហ្វីលីពីន និងកងកម្លាំងប្រដាប់អាវុធបារាំង»។
គួរបញ្ជាក់ថា ក្រៅពីបារាំង ហ្វីលីពីនក៏បានចុះកិច្ចព្រមព្រៀងយោធាស្រដៀងគ្នានេះជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងនូវែលសេឡង់ផងដែរ៕

