FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីស្រាអែលប្រកាសសម្លាប់មេបញ្ជាការទ័ពជើងទឹកអ៊ីរ៉ង់ ដែលនៅពីក្រោយការបិទច្រកសមុទ្រ Hormuz (Video inside)

26-03-2026 21:31

(ហ្សេរុយសាឡឹម)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខេតស៍ (Israel Katz) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល បានសម្លាប់លោក អាលីរេហ្សា តាំងស៊ីរី (Alireza Tangsiri) មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូ លោក ខេតស៍ បានបញ្ជាក់ថា «កាលពីយប់មិញ នៅក្នុងប្រតិបត្តិការដ៏ច្បាស់លាស់មួយ កងទ័ព IDF បានកម្ចាត់មេបញ្ជាការជើងទឹកឆ្មាំបដិវត្តន៍ លោក តាំងស៊ីរី ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ បុរសដែលទទួលខុសត្រូវផ្ទាល់លើប្រតិបត្តិការដាក់មីន និងបិទច្រកសមុទ្រហ័រមូស (Hormuz) មិនឱ្យកប៉ាល់ឆ្លងកាត់ ត្រូវបានកម្ទេចហើយ»

មន្ត្រីអ៊ីស្រាអែលម្នាក់បានបង្ហើបប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោក តាំងស៊ីរី ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅទីក្រុង Bandar Abbas។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលក៏បានប្រកាសពីការស្លាប់របស់ប្រធាននាយកដ្ឋានចារកម្មជើងទឹកអ៊ីរ៉ង់ លោក បេណាម រេហ្សៃ (Behnam Rezaei) ផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីការវាយប្រហាររួមគ្នារបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែលបានអះអាងពីការសម្លាប់មន្ត្រីកំពូលៗជាច្រើនរូប រួមទាំងមេដឹកនាំកំពូល អាយ៉ាតូឡា អាលី ខាមេនី និងប្រធានសន្តិសុខដ៏មានឥទ្ធិពល លោក អាលី ឡារីហ្សានី (Ali Larijani) ផងដែរ។

ជាការឆ្លើយតប ទីក្រុងតេហេរ៉ង់បានវាយប្រហារដោយដ្រូន និងមីស៊ីលពាសពេញតំបន់ រួមទាំងប្រទេសនៅឈូងសមុទ្រ ព្រមទាំងបានបន្តបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនប្រេង ១ភាគ៥ របស់ពិភពលោក ខណៈអ៊ីស្រាអែលក៏បានបង្កើនការវាយប្រហារលើនាវាទ័ពជើងទឹកអ៊ីរ៉ង់នៅសមុទ្រកាសព្យែន (Caspian) កាលពីសប្តាហ៍មុនផងដែរ៕