ប្រមុខ UN តែងតាំងបេសកជន ដើម្បីដឹកនាំកិច្ចប្រឹងប្រែងពាក់ព័ន្ធសង្រ្គាមនៅមជ្ឈិមបូព៌ា (Video inside)
26-03-2026 14:52
(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានតែងតាំងអ្នកការទូតជើងចាស់បារាំង លោក Jean Arnault ធ្វើជាប្រេសិតផ្ទាល់ខ្លួនរបស់លោក ដើម្បីដឹកនាំកិច្ចប្រឹងប្រែងរបស់ UN ពាក់ព័ន្ធសង្រ្គាមដែលកំពុងឆាបឆេះនៅមជ្ឈិមបូព៌ា និងផលវិបាកដែលកើតចេញពីជម្លោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦។
លោក Guterres បាននិយាយថា លោក Arnault នឹងធ្វើការងារនៅកន្លែងជាក់ស្តែងផ្ទាល់ នូវអ្វីដែលរូបលោកបានព្យាយាមធ្វើចេញពីទីក្រុងញូវយ៉ក នោះគឺគាំទ្រកិច្ចប្រឹងប្រែងនានា ដែលមានគោលដៅឆ្ពោះទៅរកការសម្រុះសម្រួលជម្លោះ និងសន្តិភាព។ បើតាមលោក Guterres លោក Arnault នឹងធ្វើការទាក់ទងជាមួយភាគីទាំងអស់ ហើយពិនិត្យមើល ការជះផលប៉ះពាល់នៃសង្រ្គាម លើជនស៉ីវិលនៅក្នុងតំបន់ ព្រមទាំងលើសពីនេះទៀត រួមមានដូចជាវិបត្តិសេដ្ឋកិច្ច ជាពិសេសនៅតាមបណ្តាប្រទេសមិនសូវអភិវឌ្ឍន៍។
ការតែងតាំងបេសកជននេះ ធ្វើឡើងបន្ទាប់ពីលោកប្រមុខ UN បានបង្ហាញក្តីបារម្ភថា សង្រ្គាមអ៉ីរ៉ង់កំពុងរីករាលដាលហួសការគ្រប់គ្រង ហើយបានព្រមានថា ភាពអូសបន្លាយ នៃការបិទខ្ទប់ច្រកសមុទ្រ Hormuz កំពុងតែរឹតត្បិតលំហូរទំនិញដ៏សំខាន់ៗ ដូចជាប្រេង ឧស្ម័ន និងជីកសិកម្ម។
គួរបញ្ជាក់ថា យោងតាម UN លោក Arnault មានបទពិសោធន៍ជាង៣០ឆ្នាំ ក្នុងវិស័យការទូតអន្តរជាតិ ផ្តោតលើការសម្រុះសម្រួល និងការដោះស្រាយរកសន្តិភាព ដោយធ្លាប់បំពេញការងារក្នុងបេសកកម្មរបស់ UN នៅតំបន់អាហ្រ្វិក អាស៉ី អឺរ៉ុប និងអាមេរិកឡាទីន៕



