FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរបញ្ចកោណអាមេរិក ប្រកាសបង្កើនការផលិតសព្វាវុធយ៉ាងសន្ធឹកសន្ធាប់ ខណៈសង្គ្រាមអ៊ីរ៉ង់អូសបន្លាយ (Video inside)

25-03-2026 19:34

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ (Pentagon) បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុនការពារជាតិធំៗ រួមមាន BAE Systems, Lockheed Martin និង Honeywell ដើម្បីបង្កើនផលិតកម្មប្រព័ន្ធការពារ និងគ្រាប់រំសេវ ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរទៅកាន់ «ការត្រៀមលក្ខណៈសង្គ្រាម» ពេញលេញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Honeywell Aerospace នឹងជំរុញផលិតកម្មយ៉ាងគំហុកនូវសមាសធាតុសំខាន់ៗសម្រាប់បំពេញឃ្លាំងគ្រាប់រំសេវរបស់អាមេរិក ដែលជាផ្នែកនៃការវិនិយោគពហុឆ្នាំក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន BAE Systems និង Lockheed Martin នឹងត្រូវបង្កើនផលិតកម្មឧបករណ៍ស្វែងរកគោលដៅ (Seekers) សម្រាប់ប្រព័ន្ធស្ទាក់ចាប់មីស៊ីល THAAD ដល់ទៅបួនដង។ មន្ទីរបញ្ចកោណបានបន្ថែមថា កិច្ចព្រមព្រៀងថ្មីមួយទៀតជាមួយក្រុមហ៊ុន Lockheed ក៏នឹងជួយពន្លឿនផលិតកម្មនៃប្រព័ន្ធមីស៊ីលវាយប្រហារចំគោលដៅ (Precision Strike Missile) ផងដែរ។

គួរបញ្ជាក់ថា​ ការប្រកាសនេះធ្វើឡើងជាងបីសប្តាហ៍ហើយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រទេសអ៊ីស្រាអែល បានបើកសង្គ្រាមទៅលើប្រទេសអ៊ីរ៉ង់៕