អាស៉ី ងាកទៅរកការអនុវត្តដូចអំឡុងពេលនៃជំងឺកូវីដ ដើម្បីដោះស្រាយវិបត្តិសាំងឡើងថ្លៃ
25-03-2026 16:18
(អាស៉ី)៖ បណ្តាប្រទេសនៅទូទាំងអាស៉ី កំពុងថ្លឹងថ្លែងពីគោលការណ៍បំពេញការងារតាមប្រព័ន្ធអនឡាញ និងវិធានការផ្សេងទៀតដែលបានអនុវត្ត អំឡុងពេលជំងឺរាតត្បាតកូវីដ ខណៈព្យាយាមឆ្លើយតប ទៅនឹងបញ្ហាខ្វះខាតប្រេងឥន្ធនៈជាសកល ដែលបង្កឡើងដោយសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦។
អាស៉ី ស្ថិតនៅចំណុចប្រឈមជាងគេក្នុងវិបត្តិប្រេងឥន្ធនៈ ដោយ ៨០ភាគរយនៃប្រេង ត្រូវបាននាំចូលតាមច្រកសមុទ្រ Hormuz ដែលស្ទើរតែត្រូវបិទខ្ទប់ទាំងស្រុងដោយកងកម្លាំងអ៉ីរ៉ង់ ចាប់តាំងពីផ្ទុះសង្រ្គាម នៅថ្ងៃទី២៨ ខែកុម្ភៈ។
នៅពេលត្រូវបានសាកសួរអំពីសេចក្តីណែនាំ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ឱ្យពិចារណាធ្វើការតាមអនឡាញ រដ្ឋមន្រ្តីថាមពលកូរ៉េខាងត្បូង លោក Kim Sung-whan បាននិយាយថា «ខ្ញុំគិតថា វាជាគំនិតល្អមួយ។ យើងនឹងប្រឹក្សាយោបល់ជាមួយមន្រ្តីពាក់ព័ន្ធ ហើយពិចារណាឱ្យធ្វើការពីផ្ទះ»។
ហ្វីលីពីន ដែលពឹងផ្អែកខ្លាំងលើប្រេងមកពីមជ្ឈិមបូព៌ា បានកាត់បន្ថយថ្ងៃធ្វើការសម្រាប់មន្រ្តីរដ្ឋ និងបុគ្គលិកអប់រំកាលពីដើមខែនេះ។ ប៉ាគីស្ថាន បានបិទសាលារៀនរយៈពេល ២សប្តាហ៍ ហើយថាបុគ្គលិកការិយាល័យ នឹងធ្វើការបន្ថែមទៀតពីផ្ទះ។ ស្រីលង្កា ក៏បានដាក់ថ្ងៃឈប់សម្រាកសាធារណៈនៅរៀងរាល់ថ្ងៃពុធផងដែរ ដើម្បីរក្សាការផ្គត់ផ្គង់ប្រេង។
ប្រទេសមួយចំនួន បានងាកទៅរកវិធានការលើកទឹកចិត្ត ដោយសារការកើនឡើងថ្លៃប្រេងឥន្ធនៈ ធ្វើឱ្យការចំណាយក្នុងជីវភាពប្រចាំថ្ងៃកើនឡើង។ រដ្ឋាភិបាលជប៉ុន គ្រោងបញ្ចេញមូលនិធិបម្រុងចំនួន ៨០០ពាន់លានយ៉េន ឬ ៥ពាន់លានដុល្លារ ដើម្បីផ្តល់ការឧបត្ថម្ភធន ក្នុងគោលបំណងរក្សាតម្លៃប្រេងសាំង ឱ្យនៅប្រហែល ១៧០យ៉េនក្នុងមួយលីត្រជាមធ្យម។ វិធានការនេះនឹងចំណាយថវិការ ៣០០ពាន់លានយ៉េនក្នុងមួយខែ។
ដោយឡែក នូវែលសេឡង់ នឹងផ្តល់ថវិកាគាំទ្របណ្តោះអាសន្នចំនួន ៥០ដុល្លារ New Zealand ឬ ២៩.៣០ដុល្លារអាមេរិក ក្នុងមួយសប្តាហ៍ សម្រាប់គ្រួសារដែលមានចំណូលទាប។ នៅអូស្រ្តាលី ស្ថានីយប្រេងឥន្ធនៈរាប់រយកន្លែង ការផ្គត់ផ្គង់ប្រេងកាន់តែខើចទៅ ដែលកំពុងវាយប្រហារធ្ងន់ធ្ងរ នៅតំបន់ដាច់ស្រយាលនៃទ្វីបដ៏ធល្វឹងល្វើយនេះ៕



