FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គីម ជុងអ៊ុន ប្រកាសប្តេជ្ញាផ្តល់ការគាំទ្ររឹងមាំជានិច្ចចំពោះរុស្ស៉ី (Video inside)

25-03-2026 09:36

(ព្យុងយ៉ាង)៖ នាថ្ងៃពុធ ទី២៥ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយលិខិតមួយ ដែលនៅក្នុងនោះ មេដឹកនាំកំពូល លោក គីម ជុងអ៊ុន បានប្រកាសអះអាងថា ប្រទេសរបស់លោកនឹងគាំទ្ររុស្ស៉ីជានិច្ច។

លោក គីម បាននិយាយយ៉ាងដូច្នេះថា «ជាដំបូង ខ្ញុំសូមសម្តែងការអរគុណដោយស្មោះ សម្រាប់ការចូលរួមអបអរសាទរដ៏កក់ក្តៅនិង​ដោយស្មោះ សម្រាប់ឱកាសដែលខ្ញុំបន្តកាន់តំណែងដែលមានកាតព្វកិច្ចដ៏ធ្ងន់ ក្នុងនាមជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋ»។ សភាកូរ៉េខាងជើងក្នុងសប្តាហ៍នេះ ទើបតែបានបោះឆ្នោតជ្រើសតាំងលោក គីម ឱ្យបន្តធ្វើជាប្រធានគណៈកម្មាធិការខាងលើ ដែលជាស្ថាប័នកំពូល​ទទួលបន្ទុកតាក់តែងគោលនយោបាយ និងដឹកនាំកិច្ចការងាររដ្ឋរបស់ប្រទេសកូរ៉េខាងជើង។

លោក គីម ជុងអ៊ុន បានបន្តថា «នាពេលនេះ កូរ៉េខាងជើងនិងរុស្ស៉ីកំពុងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីការពារអធិបតេយ្យរបស់​ប្រទេសទាំងពីរ។ ទីក្រុងព្យុងយ៉ាងនឹងនៅជាមួយទីក្រុងមូស្គូជានិច្ច។ នេះគឺជាជម្រើសនិងឆន្ទៈមិនរង្គោះរង្គើរបស់យើង»

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពជិតស្និទ្ធខ្លាំងឡើង ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន ដោយទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ពនិងសព្វាវុធ ទៅជួយរុស្ស៉ី។ បើតាមចារកម្មកូរ៉េខាងត្បូង កូរ៉េខាងជើងបានបញ្ជូនទាហានប្រហែលជាង ២ម៉ឺននាក់​ទៅរុស្ស៉ី គិតចាប់តាំងពីខែតុលា ឆ្នាំ២០២៤ ហើយយ៉ាងហោចប្រហែល២០០០នាក់បានស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ កាលពីខែមិថុនា ឆ្នាំ២០២៤ លោក គីម និងប្រធា​នាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចុះសន្ធិសញ្ញា ដែលតម្រូវឱ្យរដ្ឋទាំងពីរផ្តល់ជំនួយយោធាភ្លាមៗជួយគ្នា ក្នុងករណីភាគីណាមួយ រងការវាយប្រហារ៕