FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហ្វីលីពីន ប្រកាស «អាសន្នថាមពលជាតិ» ខណៈស្តុកប្រេងប្រើប្រាស់បានតែ ៤៥ថ្ងៃប៉ុណ្ណោះ (Video inside)

24-03-2026 20:58

(ម៉ានីល)៖ នាថ្ងៃអង្គារ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) បានចុះហត្ថលេខាលើលិខិតបទដ្ឋានគតិយុត្តមួយ ដើម្បីប្រកាសដាក់ប្រទេសក្នុង «គ្រាអាសន្នថាមពលជាតិ» ជាបន្ទាន់ ដោយសារតែហានិភ័យនៃវិបត្តិថាមពល ដែលបង្កឡើងដោយជម្លោះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC។

លោក ម៉ាកូស បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះគឺដើម្បីការពារសន្តិសុខថាមពលជាតិ ចំពេលដែលការផ្គត់ផ្គង់សកលកំពុងរងការរំខានយ៉ាងធ្ងន់ធ្ងរ។ ការបិទខ្ទប់ច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុត បានធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងថ្លៃ និងបង្កការខ្វះខាតយ៉ាងខ្លាំង ដែលប៉ះពាល់ផ្ទាល់ដល់ហ្វីលីពីនដែលជាប្រទេសពឹងផ្អែកលើការនាំចូលប្រេងស្ទើរតែទាំងស្រុង។

ក្រសួងថាមពលហ្វីលីពីន បានឱ្យដឹងថា បច្ចុប្បន្នប្រទេសមានស្តុកប្រេងប្រើប្រាស់បានត្រឹមតែប្រហែល ៤៥ថ្ងៃប៉ុណ្ណោះ ហើយនឹងងាកទៅពឹងផ្អែកលើរោងចក្រថាមពលដើរដោយធ្យូងថ្មវិញ ជាបណ្តោះអាសន្ន ដើម្បីជំនួសការប្រើប្រាស់ឧស្ម័នធម្មជាតិរាវ (LNG) ដែលមានតម្លៃហក់ឡើងថ្លៃខ្លាំង។

គួរបញ្ជាក់ថា ការប្រកាសគ្រាអាសន្ននេះនឹងមានសុពលភាពរយៈពេល ១ឆ្នាំ ដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលចាត់វិធានការសម្របសម្រួលជាបន្ទាន់ ក្នុងការធានាការដឹកជញ្ជូន និងការផ្គត់ផ្គង់ប្រេង ស្បៀងអាហារ ឱសថ និងទំនិញចាំបាច់ដទៃទៀត ដើម្បីទប់ស្កាត់ការប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ វិធានការនេះ បានធ្វើឡើងក្រោយមានសម្ពាធពីសមាជិកព្រឹទ្ធសភាហ្វីលីពីន ដែលបានទាមទារឱ្យប្រធានាធិបតីចាត់វិធានការជាបន្ទាន់ ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាជន ដែលកំពុងរងទុក្ខវេទនាដោយសារតម្លៃប្រេងហក់ឡើងថ្លៃហួសកម្រិត៕