ជប៉ុនគ្រោងដកពាក្យ «ដៃគូសំខាន់បំផុត» ចេញពីការពិពណ៌នាទំនាក់ទំនងជាមួយចិន ក្នុងរបាយការណ៍ការទូតប្រចាំឆ្នាំ (Video inside)
24-03-2026 19:29
(តូក្យូ)៖ យោងតាមសេចក្តីព្រាងនៃរបាយការណ៍ការទូតប្រចាំឆ្នាំ២០២៦ ដែលទីភ្នាក់ងារព័ត៌មាន Reuters បានពិនិត្យឃើញ ជប៉ុននឹងដកពាក្យថាចិនជា «ដៃគូសំខាន់បំផុតមួយ» ចេញពីការពិពណ៌នាទំនាក់ទំនងការទូតរបស់ខ្លួន ដោយជំនួសមកវិញថាជា «ប្រទេសជិតខាងដ៏សំខាន់» ដែលមានទំនាក់ទំនងក្នុងន័យ «យុទ្ធសាស្ត្រ» និង «ផ្តល់ផលប្រយោជន៍ទៅវិញទៅមក»។ ការផ្លាស់ប្តូរនេះ កើតឡើងចំពេលដែលទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង កាន់តែមានភាពផុយស្រួយ។
សេចក្តីព្រាងនៃរបាយការណ៍នេះ បានលើកឡើងពីបញ្ហាប្រឈមជាច្រើនជាមួយចិនក្នុងរយៈពេលមួយឆ្នាំកន្លងមក រួមមានការរឹតត្បិតការនាំចេញរ៉ែដ៏កម្រ ការប្រើប្រាស់រ៉ាដាចាក់សោ (Radar lock-on) លើកងយន្តហោះជប៉ុន និងការកើនឡើងនៃសម្ពាធជុំវិញកោះតៃវ៉ាន់។ ភាពតានតឹងនេះកាន់តែធ្ងន់ធ្ងរនៅខែវិច្ឆិកា កាលពីឆ្នាំមុន នៅពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ ដោយលើកឡើងថា ជប៉ុនអាចនឹងដាក់ពង្រាយកងទ័ព ប្រសិនបើការឈ្លានពានរបស់ចិនលើតៃវ៉ាន់ គំរាមកំហែងដល់ទឹកដីជប៉ុន។ ជាការឆ្លើយតប ចិនបានដាក់កម្រិតលើការនាំចូលគ្រឿងសមុទ្រពីជប៉ុន ព្រមទាំងដាក់កម្រិតការនាំចេញរ៉ែសំខាន់ៗទៅកាន់ប្រទេសនេះថែមទៀត។
គួរបញ្ជាក់ថា ក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន បានបង្ហាញផែនការសកម្មភាពរួមមួយ ដើម្បីអភិវឌ្ឍប្រភពផ្គត់ផ្គង់រ៉ែសំខាន់ៗ និងរ៉ែដ៏កម្រ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ លោកស្រី Takaichi បានព្រមានជាបន្តបន្ទាប់អំពី «ការបង្ខិតបង្ខំ» របស់ចិន និងការគំរាមកំហែងផ្នែកសន្តិសុខ ដែលបង្កឡើងដោយទីក្រុងប៉េកាំង រួមជាមួយដៃគូក្នុងតំបន់របស់ខ្លួនគឺ រុស្ស៊ី និងកូរ៉េខាងជើង៕
