ក្រុមហ៊ុនកំពូលរបស់អារ៉ាប៊ីសាអូឌីត Aramco បន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេងមកអាស៉ី (Video inside)
24-03-2026 11:11
(សិង្ហបុរី)៖ Aramco ដែលជាក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត និងជាអ្នកនាំចេញលំដាប់កំពូលរបស់ពិភពលោក បានកាត់បន្ថយការផ្គត់ផ្គង់ប្រេងឆៅដល់អ្នកទិញនៅអាស៉ី រយៈពេលមួយខែទៀត គឺរហូតដល់ខែមេសា បន្ទាប់ពីសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ រំខានដល់ពាណិជ្ជកម្មតាមច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ ២០២៦។
ទិន្នន័យវិភាគពីក្រុមហ៊ុន Kpler បង្ហាញថា អារ៉ាប៊ីសាអូឌីត បាននាំចេញប្រេងឆៅជាង ៤.៣៥លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែមីនា ដោយធ្លាក់ចុះពីជាង ៧.១០លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែកុម្ភៈ។
ប្រភពចំនួន ៣បានលើកឡើងថា ក្រុមហ៊ុន Aramco អាចផ្គត់ផ្គង់ប្រេងឆៅ Arab Light ដែលនាំចេញតាមកំពង់ផែសមុទ្រក្រហម នៅទីក្រុង Yanbu ប៉ុណ្ណោះ ទៅដល់អតិថិជនអាស៉ី នៅក្នុងខែមេសា។ Aramco កំពុងព្យាយាមជំរុញការនាំចេញប្រេងឆៅតាមកំពង់ផែទីក្រុង Yanbu ដើម្បីទូទាត់ការរំខានពីច្រកសមុទ្រ Hormuz៕
