FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីស្ដាំនិយមជ្រុលអ៉ីស្រាអែល អំពាវនាវឱ្យកាត់យកតំបន់ភាគខាងត្បូងលីបង់ (Video inside)

24-03-2026 10:30

(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុសាំនិយមជ្រុលរបស់អ៉ីស្រាអែល លោក Bezalel Smotrich បានជំរុញឱ្យប្រទេសរបស់បញ្ចូលតំបន់ភាគខាងត្បូងលីបង់ ជាទឹកដីរបស់អ៉ីស្រាអែល ខណៈ កងទ័ពអ៉ីស្រាអែលទម្លាក់គ្រាប់បែកកម្ទេចស្ពាន និងបំផ្លាញផ្ទះសម្បែង នៅក្នុងប្រតិបត្តិការវាយលុកប្រឆាំងនឹងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ការអត្ថាធិប្បាយរបស់លោក Smotrich គឺជាការបញ្ជាក់ត្រង់ៗមិនធ្លាប់មានអំពីមហិច្ឆតារឹបអូសយកទឹកដីរបស់លីបង់ដោយមន្ត្រីជាន់ខ្ពស់ម្នាក់របស់អ៉ីស្រាអែល នៅក្នុងការប្រយុទ្ធមួយដែល អ៉ីស្រាអែលអះអាងថាមានគោលដៅលើក្រុមហេសបូឡា។ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយវិទ្យុមួយរបស់អ៉ីស្រាអែលកាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីហិរញ្ញវត្ថុស្ដាំនិយមជ្រុល រូបនេះបាននិយាយថាការទម្លាក់គ្រាប់បែកលើលីបង់ ចាំបាច់ត្រូវតែបិទបញ្ចប់ជាមួយភាពខុសប្លែកទាំងស្រុងនៃការពិតជាក់ស្ដែង ក្នុងនោះរួមមានការប្រែប្រួលនៃព្រំដែនរបស់អ៉ីស្រាអែល។

លោក Smotrich បានលើកឡើងដូច្នេះថា «ខ្ញុំបាននិយាយយ៉ាងច្បាស់នៅក្នុងគ្រប់បន្ទប់ប្រជុំ និងគ្រប់កិច្ចពិភាក្សាថាព្រំដែនថ្មីរបស់អ៉ីស្រាអែលត្រូវតែជាទន្លេ Litani»។ Litani គឺជាផ្លូវទឹក ដ៏សំខាន់មួយដែលហូរកាត់ភាគខាងត្បូងលីបង់ និងស្ថិតនៅចម្ងាយប្រហែល ៣០គីឡូម៉ែត្រពីព្រំដែនជាមួយអ៉ីស្រាអែល។

គួរបញ្ជាក់ថា អ៉ីស្រាអែលបាន និងកំពុងបង្កើនការវាយប្រហារលើភាគខាងត្បូងលីបង់ បន្ទាប់ពីក្រុមហេសបូឡាបាញ់គ្រាប់រ៉ុក្កែតឆ្ពោះទៅកាន់ទឹកដីអ៉ីស្រាអែល ក្រោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលផ្ដើមធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ បន្ថែមពីលើការវាយប្រហារតាមផ្លូវអាកាស កងទ័ពថ្មើរជើងអ៉ីស្រាអែលក៏បាននិងកំពុងវាយលុកចូលជ្រៅក្នុងទឹកដីលីបង់ ផងដែរជាផ្នែកនៃប្រតិបត្តិការយោធាតាមជើងគោកដែលអ៉ីស្រាអែលនិយាយថាមានគោលដៅកម្ចាត់ក្រុមអ្នកប្រយុទ្ធហេសបូឡា៕