យោធាអ៉ីស្រាអែលទទួលស្គាល់ថា បានបាញ់សម្លាប់កសិករខ្លួនឯង ដោយការយល់ច្រឡំនៅតាមព្រំដែនលីបង់ (Video inside)
23-03-2026 19:28
(ហ្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែលបានទទួលស្គាល់កាលពីថ្ងៃចន្ទថា កម្លាំងរបស់ខ្លួនបានបាញ់ផ្លោងកាំភ្លើងធំខុសគោលដៅ ដែលបណ្តាលឱ្យកសិករអ៉ីស្រាអែលម្នាក់បានបាត់បង់ជីវិត នៅជិតព្រំដែនប្រទេសលីបង់។ នេះគឺជាការស្លាប់ជនស៊ីវិលអ៉ីស្រាអែលដំបូងគេបង្អស់ នៅក្នុងជម្លោះតាមបណ្តោយព្រំដែននេះបានផ្ទុះឡើងស្របពេលជាមួយសង្គ្រាមនៅអ៉ីរ៉ង់។
ជនរងគ្រោះឈ្មោះ Ofer Moskovitz អាយុ ៦០ឆ្នាំ ជាកសិករដាំផ្លែប័រនៅទីក្រុង Misgav Am។ យោធាអ៉ីស្រាអែលបានបញ្ជាក់ថា មេទ័ពជើងគោកភាគខាងជើង លោកឧត្តមសេនីយ៍ទោ Rafi Milo បានទទួលស្គាល់ពីកំហុសប្រតិបត្តិការយ៉ាងធ្ងន់ធ្ងរនេះ ដោយបញ្ជាក់ថា «លោក Moskovitz ត្រូវបានសម្លាប់ដោយការបាញ់ផ្លោងពីកម្លាំងរបស់យើងខ្លួនឯង ក្នុងអំឡុងប្រតិបត្តិការដែលគោលបំណងដើមគឺដើម្បីការពារពួកគេ»។
គួរបញ្ជាក់ថា ដំបូងឡើយ យោធាអ៉ីស្រាអែលបានចោទប្រកាន់ថា ការស្លាប់នេះបង្កឡើងដោយការបាញ់ឆ្លងដែនមកពីប្រទេសលីបង់។ ប៉ុន្តែក្រោយមក យោធាបានសារភាពថា ដោយសារតែ «កំហុសបច្ចេកទេស និងការរំលោភលើពិធីសារយោធា» ទាហានបានបាញ់ផ្លោងចំនួន ៥គ្រាប់ ទៅលើតំបន់ភ្នំ Misgav Am ជំនួសឱ្យការបាញ់ទៅលើគោលដៅសត្រូវ។ រហូតមកដល់ពេលនេះ ជម្លោះនៅលីបង់បានសម្លាប់មនុស្សជាង ១,០០០នាក់ និងបង្ខំឱ្យពលរដ្ឋរាប់លាននាក់ត្រូវជម្លៀសខ្លួនចេញ ខណៈអ៉ីស្រាអែលក៏បានបាត់បង់ទាហាន ២នាក់ផងដែរក្នុងប្រតិបត្តិការនេះ៕
