លោក ត្រាំ ប្រកាសពន្យារពេលវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលអ៉ីរ៉ង់ ៥ថ្ងៃ, អះអាងថាបានពិភាក្សាជាមួយអ៉ីរ៉ង់ប្រកបដោយផ្លែផ្កា
23-03-2026 19:18
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្យាពេលការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់រយៈពេល ៥ថ្ងៃ ដោយអះអាងថា សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានជជែកពិភាក្សាគ្នា «យ៉ាងល្អ និងប្រកបដោយផ្លែផ្កា» កាលពី២ថ្ងៃមុន ដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន CNN។
ការពន្យាពេលបណ្តោះអាសន្ននេះ កើតឡើងចំពេលដែលឱសានវាទ ៤៨ម៉ោង ដែលលោក ត្រាំ បានដាក់ឱ្យអ៉ីរ៉ង់បើកច្រកសមុទ្រ ហ័រមូស (Hormuz) ឡើងវិញនោះ បានផុតកំណត់នៅព្រឹកស្អែកនេះ។ មុនការសម្រេចចិត្តនេះបន្តិច ក្រុមប្រឹក្សាការពារជាតិអ៉ីរ៉ង់ បានចេញមុខព្រមានយ៉ាងដាច់អហង្ការថា រាល់ការប៉ុនប៉ងវាយប្រហារលើឆ្នេរសមុទ្រ ឬកោះនានារបស់អ៉ីរ៉ង់ នឹងជំរុញឱ្យទីក្រុងតេហេរ៉ង់ «ដាក់មីនបិទខ្ទប់ខ្សែបន្ទាត់ទំនាក់ទំនងទាំងអស់នៅក្នុងឈូងសមុទ្រពែក្ស» ជាការឆ្លើយតប។
គួរបញ្ជាក់ថា ទោះបីជាមានការផ្អាកការវាយប្រហារលើគោលដៅថាមពលក្តី ប៉ុន្តែភាពតានតឹងរវាងភាគីទាំងពីរនៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុត ខណៈពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើកិច្ចចរចារយៈពេល ៥ថ្ងៃនេះ នឹងអាចនាំទៅរកបទឈប់បាញ់ជាស្ថាពរ ឬគ្រាន់តែជាការផ្អាកដើម្បីរៀបចំយុទ្ធសាស្ត្រវាយលុកថ្មី៕
