វៀតណាម គ្រោងចុះកិច្ចព្រមព្រៀងថាមពលជាមួយរុស្ស៉ី អំឡុងទស្សនកិច្ចនាយករដ្ឋមន្រ្តីនៅទីក្រុងមូស្គូ (Video inside)
23-03-2026 13:25
(ហាណូយ)៖ ប្រទេសវៀតណាមនិងរុស្ស៉ី ត្រូវបានរំពឹងថា នឹងចុះកិច្ចព្រមព្រៀងថាមពលជាមួយគ្នា អំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh រយៈពេល៤ថ្ងៃនៅទីក្រុងមូស្គូ ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦។
កាលពីយប់ថ្ងៃអាទិត្យ រដ្ឋាភិបាលវៀតណាម បានប្រកាសឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ភាគីទាំងពីរនឹងចុះកិច្ចព្រមព្រៀងសំខាន់ៗ ដែលផ្តោតលើវិស័យថាមពល ពាណិជ្ជកម្ម និងវិនិយោគ។ អំឡុងទស្សនកិច្ច លោក Chinh នឹងត្រូវបើកកិច្ចជួបពិភាក្សាជាមួយសមភាគីរុស្ស៉ី លោក Mikhail Mishustin ព្រមទាំងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។
ការបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមនៅរុស្ស៉ី កើតមានឡើងស្របពេលដែលប្រទេសវៀតណាម បាននិងកំពុងប្រឈមការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈ ចាប់តាំងពីសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានផ្ទុះឡើងនៅមជ្ឈិមបូព៌ា។ តាំងពីពេលនោះ ប្រេងសាំងនៅវៀតណាម បានកើន៥០ភាគរយ ខណៈប្រេងម៉ាស៊ូតបានកើន៧០ភាគរយ។
គួរបញ្ជាក់ថា រុស្ស៉ីមានក្រុមហ៊ុនប្រេងនិងឧស្ម័ន ធ្វើប្រតិបត្តិការនៅក្បែរឆ្នេរសមុទ្ររបស់វៀតណាម ខណៈប្រទេសទាំងពីរ ក៏បានស្ថិតក្នុងការពិភាក្សាដើម្បីឱ្យក្រុមហ៊ុនរុស្ស៉ី សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងបំផុតរបស់វៀតណាមផងដែរ។ ក្រុមមន្រ្តីបានបង្ហើបឱ្យដឹងថា ភាគីទាំងពីរទំនងអាចចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរ អំឡុងទស្សនកិច្ចរបស់លោក Chinh៕



