ចាប់តាំងពីផ្ទុះសង្រ្គាមមជ្ឈិមបូព៌ា តម្លៃប្រេងសាំងនៅស្រីលង្កា កើនដល់ ១.៣០ដុល្លារក្នុងមួយលីត្រ (Video inside)
23-03-2026 11:13
(កូឡុំបូ)៖ គិតត្រឹមថ្ងៃអាទិត្យ ទី២២ ខែមីនា តម្លៃប្រេងសាំងនៅក្នុងប្រទេសស្រីង្កា បានកើនឡើង ២៥ភាគរយ ដែលជាសប្តាហ៍ទីពីរហើយ ខណៈប្រទេសនេះ ក៏ត្រៀមប្រឈមមុននឹងផលប៉ះពាល់ថែមទៀតពីសង្រ្គាមនៅឯតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ ២០២៦។
ប្រេងសាំងធម្មតា ត្រូវបានដំឡើងដល់ ៣៩៨រូពីស្រីង្កា ឬ ១.៣០ដុល្លារក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត ដែលប្រើប្រាស់ជាទូទៅសម្រាប់ការដឹកជញ្ជូនសាធារណៈ កើនឡើងដល់ ៣៨២រូពីស្រីង្កា ឬ ១.២៣ដុល្លារក្នុងមួយលីត្រ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលស្រីលង្កកា បានបញ្ជាឱ្យដំឡើងថ្លៃប្រេងឥន្ធនៈលក់រាយចំនួន ៨ភាគរយ ជាមួយការណែនាំឱ្យកំណត់កម្រិតប្រើប្រាស់។ តាមមន្ត្រីក្រុមហ៊ុនប្រេងរដ្ឋ Ceylon Petroleum Corporation ស្រីលង្ការំពឹងថា នឹងអាចកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈពី ១៥ ទៅ ២០ភាគរយ ខណៈប្រទេសនេះត្រូវតែត្រៀមខ្លួនសម្រាប់ជម្លោះអូសបន្លាយនៅមជ្ឈិមបូព៌ា ដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល។
គួរបញ្ជាក់ថា ស្រីលង្កា ជាប្រទេសនាំចូលប្រេងសម្រាប់ផ្គត់ផ្គង់តម្រូវការទាំងស្រុង។ ច្រកសមុទ្រ Hormuz ដែលជាផ្លូវដ៏ទឹកសំខាន់នៃការនាំចេញប្រេងពិភពលោកប្រហែល ២០ភាគរយ ស្ទើរតែត្រូវបិទខ្ទប់ដោយអ៉ីរ៉ង់ ជាការសងសឹកចំពោះសង្គ្រាមរបស់អាមេរិក-អ៉ីស្រាអែល ដែលឥឡូវចូលដល់សប្តាហ៍ទី ៤៕


