កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ព្រមានបិទច្រកសមុទ្រ Hormuz ទាំងស្រុង ប្រសិនបើលោក ត្រាំ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល (Video inside)
22-03-2026 22:00
(តេហេរ៉ង់)៖ នាថ្ងៃអាទិត្យ កងឆ្មាំបដិវត្តន៍អ៉ីស្លាមអ៉ីរ៉ង់ (IRGC) បានចេញសេចក្តីថ្លែងការណ៍ព្រមានថា ពួកគេនឹងបិទច្រកសមុទ្រ ហ័រមូស (Hormuz) ទាំងស្រុង ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បំពេញតាមការគំរាមកំហែងក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការព្រមាននេះកើតឡើង បន្ទាប់ពីលោក ត្រាំ បានគំរាមកាលពីថ្ងៃសៅរ៍ថា លោកនឹង «កម្ទេច» រោងចក្រថាមពលរបស់អ៉ីរ៉ង់ចោល ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេល ៤៨ម៉ោង។ ទោះបីជាលោក ត្រាំ បានថ្លែងកាលពីថ្ងៃមុនថា នឹង «កាត់បន្ថយ» សកម្មភាពយោធាក្តី ប៉ុន្តែការចេញមុខព្រមានវាយប្រហារនេះ បង្ហាញពីការកើនឡើងកម្តៅដ៏ខ្លាំងក្លា ខណៈសង្គ្រាមឈានចូលដល់សប្តាហ៍ទី៤។
គួរបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍ដដែល កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានគំរាមទៀតថា ក្រុមហ៊ុននានាដែលមានភាគហ៊ុនអាមេរិក នឹងត្រូវ «កម្ទេចចោលទាំងស្រុង» ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៉ីរ៉ង់ក្លាយជាគោលដៅវាយប្រហាររបស់ទីក្រុងវ៉ាស៊ីនតោន។ មិនតែប៉ុណ្ណោះ អ៉ីរ៉ង់បានប្រកាសយ៉ាងច្បាស់ថា រាល់ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសណាដែលអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពអាមេរិកនៅលើទឹកដីរបស់ខ្លួន នឹងត្រូវចាត់ទុកជា «គោលដៅយោធាស្របច្បាប់» សម្រាប់ការវាយប្រហារតបតវិញភ្លាមៗ៕
