អង់គ្លេស៖ គ្មានភស្តុតាងណាមួយបង្ហាញថា អ៉ីរ៉ង់មានសមត្ថភាព ឬមានបំណងវាយប្រហារអឺរ៉ុបដោយមីស៊ីលឡើយ
22-03-2026 19:11
(ឡុងដ៍)៖ នាថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានអង់គ្លេស លោក Steve Reed បានបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេសមិនមានរបាយការណ៍វាយតម្លៃណាមួយ ដែលគាំទ្រការអះអាងរបស់អ៉ីស្រាអែលថា អ៉ីរ៉ង់កំពុងមានផែនការវាយប្រហារដោយមីស៊ីលបាលិស្ទីកលើទ្វីបអឺរ៉ុបនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីថ្ងៃសៅរ៍ កងទ័ពអ៉ីស្រាអែលបានបង្ហោះសារលើបណ្តាញសង្គមថា អ៉ីរ៉ង់មានមីស៊ីលដែលអាចហោះហើរដល់ទីក្រុងឡុងដ៍ ប៉ារីស ឬប៊ែរឡាំង។ ប៉ុន្តែលោក Reed បានច្រានចោលការអះអាងនេះយ៉ាងដាច់អហង្ការ «គ្មានការវាយតម្លៃណាមួយអាចបញ្ជាក់ពីអ្វីដែលពួកគេបាននិយាយនោះទេ។ ខ្ញុំមិនបានដឹងអំពីការវាយតម្លៃណាមួយដែលថា អ៉ីរ៉ង់កំពុងព្យាយាមកំណត់គោលដៅលើអឺរ៉ុបនោះទេ កុំថាឡើយដល់ការមានសមត្ថភាពធ្វើបែបនោះ»។
គួរបញ្ជាក់ថា ជុំវិញការព្រមានរបស់លោក ដូណាល់ ត្រាំ ដែលគំរាម «កម្ទេច» រោងចក្រថាមពលរបស់អ៉ីរ៉ង់ ប្រសិនបើអ៉ីរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេល ៤៨ម៉ោងនោះ លោក Reed បានបញ្ជាក់ថា លោក ត្រាំ អាចការពារសម្តីរបស់លោកដោយខ្លួនឯងបាន។ លោកបានសង្កត់ធ្ងន់ពីជំហររបស់អង់គ្លេសថា «យើងនឹងមិនអនុញ្ញាតឱ្យខ្លួនឯងត្រូវគេអូសទាញចូលក្នុងសង្គ្រាមនេះឡើយ ប៉ុន្តែយើងនឹងការពារផលប្រយោជន៍របស់យើងនៅក្នុងតំបន់ ហើយនឹងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីកាត់បន្ថយភាពតានតឹង»៕
