United Airlines កាត់បន្ថយជេីងហោះហេីរថែមទៀត ដោយបារម្ភថាប្រេងនឹងមានតម្លៃលេីស ១០០ដុល្លារក្នុងមួយបារ៉ែល រហូតដល់ឆ្នាំ ២០២៧ (Video inside)
21-03-2026 18:35
(វ៉ាស៉ីនតោន)៖ United Airlines កំពុងកាត់បន្ថយជើងហោះហើរដែលមិនមានផលចំណេញច្រើនក្នុងរយៈពេលពីរត្រីមាសបន្ទាប់ដេីម្បីត្រៀមលក្ខណៈសម្រាប់រយៈពេលយូរនៃតម្លៃប្រេងឥន្ធនៈខ្ពស់ដោយសារសង្គ្រាមអ៉ីរ៉ង់ ទោះបីជាតម្រូវការច្រេីនអាចឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយនេះ ដំឡើងថ្លៃសំបុត្រធ្វើដំណើរក៏ដោយ។ នេះបេីយោងតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ ២០២៦។
នាយកប្រតិបត្តិ United Airlines លោក Scott Kirby បានលេីកឡេីងនៅក្នុងសេចក្តីណែនាំមួយដល់បុគ្គលិកកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនត្រៀមខ្លួនសម្រាប់តម្លៃប្រេងកេីនឡេីងដល់ ១៧៥ដុល្លារក្នុងមួយបារ៉ែល និងតម្លៃលើសពី ១០០ដុល្លារក្នុងមួយបារ៉ែលដល់ដំណាច់ឆ្នាំ ២០២៧។ នៅកម្រិតនោះ វិក្កយបត្រប្រេងប្រចាំឆ្នាំរបស់ United Airlines នឹងកើនដល់ប្រហែល ១១ពាន់លានដុល្លារ គឺច្រើនជាងប្រាក់ចំណេញដែលខ្លួនទទួលបាននៅក្នុងឆ្នាំល្អបំផុតទៅទៀត។
United Airlines បានកាត់បន្ថយជេីងហោះហើរដែលចំណេញតិចរួចហើយ រួមទាំងពាក់ការហោះហេីរនៅពាក់កណ្តាលសប្តាហ៍ ថ្ងៃសៅរ៍ និងសេវាកម្មពេញមួយយប់។ ក្រុមហ៊ុននឹងលុបចោលប្រហែល ៣ភាគរយនៃការហោះហើរក្នុងរដូវកាលមមាញឹកក្នុងត្រីមាសទី២ និងត្រីមាសទី៣ នៃឆ្នាំនេះ ដោយកំណត់លេីទិសដៅរត់ និងក្នុងម៉ោងដែលមានតម្រូវការតិច។
ក្រុមហ៊ុនអាកាសចរណ៍ធំ២របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា តម្រូវការខ្លាំងកំពុងផ្តល់ឱ្យពួកគេនូវឱកាសដំឡើងថ្លៃសំបុត្រយន្តហោះដែលជួយបន្ធូរបន្ថយផលប៉ះពាល់នៃថ្លៃប្រេងឥន្ធនៈខ្ពស់។ ប៉ុន្តែ លោក Kirby បាននិយាយថា ក្រុមហ៊ុនសុខចិត្តបន្ថយជេីងហោះហេីរ ជាជាងខាតបង់ប្រាក់ចំណេញប្រសិនបើប្រេងឥន្ធនៈនៅតែមានតម្លៃថ្លៃ។ ការកាត់បន្ថយសមត្ថភាពផ្តល់សេវាកម្មដូច United Airlines ត្រូវបានគេរំពឹងថានឹងជួយសម្រាលដល់បន្ទុកថាមពលក្នុងឧស្សាហកម្មនេះផងដែរ៕
