FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាមីយ៉ាន់ម៉ា ត្រៀមចាប់ផ្តើមដំណើរការជ្រើសរើសប្រធានាធិបតីថ្មី ខណៈមេដឹកនាំយោធា លោក Min Aung Hlaing ត្រូវបានរំពឹងថា នឹងកាន់តំណែងនេះ (Video inside)

21-03-2026 11:51

(ណៃពិដោ)៖ សភាមីយ៉ាន់ម៉ានឹងចាប់ផ្តើមនីតិវិធីដើម្បីរើសប្រធានាធិបតីថ្មី នៅថ្ងៃទី៣០ ខែមីនា ខណៈក្រុមអ្នកវិភាគភាគច្រើនរំពឹងថា មេដឹកនាំយោធា លោក Min Aung Hlaing ដែលបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១ នឹងត្រូវបានជ្រើសរើស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រោយការបោះឆ្នោតសកលដ៏ចម្រូងចម្រាស ដែលគណបក្សគាំទ្រដោយយោធា ទទួលបានជ័យជម្នះ យោធា រដ្ឋសភា និងព្រឹទ្ធសភាមីយ៉ាន់ម៉ា នាពេលនេះ នឹងត្រូវដាក់បេក្ខជនប្រធានាធិបតីម្នាក់មួយ។ ក្រោយនីតិវិធីត្រួតពិនិត្យវាយតម្លៃ សភានឹងបោះឆ្នោតជ្រើសរើសម្នាក់ក្នុងចំណោមនោះ ជាប្រធានាធិបតី ហើយបេក្ខជន២នាក់ទៀត នឹងបម្រើជាអនុប្រធានាធិបតី។ យ៉ាងណាមិញ វាមិនច្បាស់ទេថា នីតិវិធីត្រួតពិនិត្យបេក្ខជននឹងប្រើពេលយូរប៉ុនណា ឬនៅពេលណាដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នឹងប្រព្រឹត្តទៅ។

លោក Min Aung Hlaing ត្រូវបានរំពឹងយ៉ាងទូលំទូលាយថា នឹងក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសអាស៊ានមួយនេះ។ អ្នកវិភាគរំពឹងថា រូបលោកនឹងលាលែងពីតំណែងជាប្រមុខយោធា មុនថ្ងៃទី៣០ ខែមីនា ដោយសារតែរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាចែងថា មន្រ្តីរដ្ឋមិនអាចធ្វើជាបេក្ខជនប្រធានាធិបតី។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពវឹកវរ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៉ីវិលជាប់ឆ្នោត ដឹកនាំដោយលោកស្រី អោងសាន ស៊ូជី។ រដ្ឋប្រហារយោធានោះ បានបង្កឱ្យផ្ទុះការធ្វើបាតុកម្មទ្រង់ទ្រាយធំ ដែលក្រោយមកប្រែក្លាយជាចលនាតស៊ូប្រដាប់អាវុធ រីករាលដាលទូទាំងប្រទេស មកទល់នឹងពេលនេះ៕