FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ ធ្វើការប្រៀបធៀបសង្គ្រាមលើអ៉ីរ៉ង់ ទៅនឹងការវាយប្រហារនៅ Pearl Harbor ក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន (Video inside)

20-03-2026 21:12

(វ៉ាស៊ីនតោន)៖ នាថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានលើកយកការវាយប្រហារនៅ Pearl Harbor ឆ្នាំ១៩៤១ មកប្រៀបធៀបនឹងសង្គ្រាមដែលលោកបានបើកលើប្រទេសអ៉ីរ៉ង់ ខណៈកំពុងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅសេតវិមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters។

នៅពេលអ្នកសារព័ត៌មានសួរថា ហេតុអ្វីបានជាលោកមិនជូនដំណឹងដល់សម្ព័ន្ធមិត្តអំពីផែនការសង្គ្រាមលើអ៉ីរ៉ង់ លោក ត្រាំ បានឆ្លើយតបយ៉ាងចាស់ដៃថា «យើងចង់បានភាពភ្ញាក់ផ្អើល។ តើនរណាស្គាល់ពីភាពភ្ញាក់ផ្អើលបានច្បាស់ជាងជប៉ុន? ហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំអំពី Pearl Harbor?»។ ការលើកឡើងដ៏កម្រ និងខ្វះភាពការទូតនេះ បានធ្វើឱ្យលោកស្រី Takaichi ដែលអង្គុយនៅក្បែរនោះ បង្ហាញអាការតានតឹងក្នុងចិត្ត និងមានភាពមិនស្រួលក្នុងចិត្តយ៉ាងខ្លាំង។

គួរបញ្ជាក់ថា ការវាយប្រហាររបស់ជប៉ុនលើមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅ Pearl Harbor កាលពីឆ្នាំ១៩៤១ បានសម្លាប់ជនជាតិអាមេរិក ២,៣៩០នាក់ និងទាញអាមេរិកចូលក្នុងសង្គ្រាមលោកលើកទី២ ដែលបានបញ្ចប់ទៅវិញដោយការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។ ជុំវិញពាក្យសម្តីរបស់លោក ត្រាំ ប្រជាជនជប៉ុនមួយចំនួនបានសម្តែងការមិនពេញចិត្ត ដោយយល់ថាការលើកយកប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះមកលេងសើច គឺជាទង្វើមិនសមរម្យ។ ដោយឡែក អ្នកវិភាគនយោបាយបានកោតសរសើរដល់ភាពអត់ធ្មត់របស់លោកស្រី Takaichi ដែលអាចរក្សាជំហរបានយ៉ាងល្អ ដោយមិនបង្កជម្លោះការទូតជាមួយមេដឹកនាំអាមេរិកក្នុងស្ថានភាពដ៏តានតឹងនេះ៕