FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិកនិងអ៉ីស្រាអែល ក្រោយទើបចេញសេចក្តីថ្លែងការណ៍ឌឺដងដាក់លោក ត្រាំ (Video inside)

20-03-2026 16:10

(ឌូបៃ)៖ នាថ្ងៃសុក្រ ទី២០ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា អ្នកនាំពាក្យកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Ali Mohammad Naini ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការវាយប្រហាតាមផ្លូវអាកាសរួមគ្នារបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការស្លាប់របស់លោក Naini គឺបន្ទាប់ពីរូបលោក ទើបតែបានចេញសេចក្តីថ្លែងការណ៍មួយ ផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋអ៉ីរ៉ង់ នាថ្ងៃសុក្រនេះផ្ទាល់ និយាយថា ការផលិតមីស៉ីលរបសអ៉ីរ៉ង់នៅតែកំពុងបន្ត ទោះស្ថិតក្នុងសង្រ្គាមក៏ដោយ បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៉ីរ៉ង់លែងមាន​សមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងផលិតមីស៉ីលបាលិស្ទីគទៀតហើយ។

មិនតែប៉ុណ្ណោះ កាលពីដើមសប្តាហ៍នេះ លោក Naini ក៏បានចេញមុខទាត់ចោលការអះអាងរបស់អាមេរិក ដែលថាសមត្ថភាព​យោធាជើងទឹករបស់អ៉ីរ៉ង់ ត្រូវបានបំផ្លាញទាំងស្រុង ហើយបានឌឺដងដាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា អាចបញ្ជូននាវាចម្បាំងមកច្រកសមុទ្រពែក្ស បើលោកហ៊ាន។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ មន្រ្តីជាន់ខ្ពស់និងមេបញ្ជាការយោធារបស់អ៉ីរ៉ង់ប៉ុន្មាននាក់ ក៏បានបាត់បង់ជីវិតជាបន្តបន្ទាប់ផងដែរ ក្រោមការវាយប្រហារតាមផ្លូវអាកាស របស់អាមេរិកនិងអ៉ីស្រាអែល រួមមានដូចជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូល លោក Ali Larijani មេបញ្ជាការកងកម្លាំងទាហានប៉ារ៉ា លោក Gholamreza Soleimani និងរដ្ឋមន្រ្តីចារកម្ម លោក Esmaeil Khatib៕