អ្នកវិភាគ៖ សង្គ្រាមនៅអ៉ីរ៉ង់ លោក ណេតាន់យ៉ាហ៊ូ ជាអ្នកឈ្នះដ៏ធំ ខណៈលោក ត្រាំ និងរដ្ឋឈូងសមុទ្រអារ៉ាប់ រងការខូចខាតធ្ងន់ធ្ងរ
19-03-2026 22:40
(ហ្សេរុយសាឡិម)៖ អ្នកវិភាគនយោបាយជាច្រើនបានអះអាងថា ទោះបីជាសង្គ្រាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ មិនទាន់បញ្ចប់ក្តី ប៉ុន្តែលទ្ធផលគឺច្បាស់ណាស់ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងក្លាយជាអ្នកឈ្នះដ៏ធំ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសម្ព័ន្ធមិត្តឈូងសមុទ្រអារ៉ាប់ នឹងក្លាយជាអ្នកចាញ់ដែលត្រូវរ៉ាប់រងផលវិបាកយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
សម្រាប់លោក ណេតាន់យ៉ាហ៊ូ សង្គ្រាមនេះបានបង្វែរចំណាប់អារម្មណ៍ចេញពីតំបន់ហ្គាហ្សា មកផ្តោតលើអ៉ីរ៉ង់ ដែលជាចំណុចដែលប្រជាជនអ៉ីស្រាអែលមានការឯកភាពគ្នាសំខាន់បំផុត ហើយវាក៏ជួយលើកកម្ពស់កេរ្តិ៍ឈ្មោះលោកក្នុងនាមជាអ្នកការពារសន្តិសុខជាតិ។ ផ្ទុយទៅវិញ សម្រាប់លោក ត្រាំ វិញ វាបានធ្វើឱ្យលោកជាប់ផុងក្នុងជម្លោះដែលគ្មានផ្លូវចេញច្បាស់លាស់ ដោយធ្វើឱ្យសម្ព័ន្ធមិត្តអារ៉ាប់រងហានិភ័យសេដ្ឋកិច្ច និងបំផ្លាញគោលនយោបាយសេដ្ឋកិច្ចដែលជាស្នូលនៃជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតកន្លងទៅ។
អតីតអ្នកចរចាអាមេរិកប្រចាំមជ្ឈិមបូព៌ា លោក Aaron David Miller បានលើកឡើងថា «មានអ្នកឈ្នះច្បាស់លាស់ និងអ្នកចាញ់ច្បាស់លាស់។ លោក ណេតាន់យ៉ាហ៊ូ គឺជាអ្នកឈ្នះដ៏សំខាន់ ដោយបានបង្ហាញពីសមត្ថភាពយោធាអ៉ីស្រាអែល ខណៈរដ្ឋឈូងសមុទ្រអារ៉ាប់ គឺជាអ្នកចាញ់ដ៏ធំបំផុត»។ អ្នកជំនាញផ្នែកអ៉ីរ៉ង់ លោក Karim Sadjadpour បានវិភាគថា លោក ត្រាំ ធ្លាប់រំពឹងថានឹងជួបអ៉ីរ៉ង់ដែលងាយស្រួលចរចា ប៉ុន្តែជាក់ស្តែងលោកបែរជាជួប «អ៉ីរ៉ង់ដែលមានចិត្តគំនិតដូចលោក គីម ជុងអ៊ុន» ដែលហ៊ានប្រឈមមុខដាច់ខាតមិនចុះចាញ់។
គួរបញ្ជាក់ថា សម្រាប់អ៉ីស្រាអែល សង្គ្រាមនេះត្រូវបានគេមើលឃើញថាជា «សង្គ្រាមចាំបាច់» មិនមែនជាជម្រើសនោះទេ ហើយទោះបីជាមិនអាចផ្លាស់ប្តូររបបនៅអ៉ីរ៉ង់បានក្តី ប៉ុន្តែការកម្ទេចសមត្ថភាពយោធា និងកម្លាំងសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ ក៏ជាជ័យជម្នះដ៏មហិមារបស់លោក ណេតាន់យ៉ាហ៊ូ ដែរ៕
