FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយកចារកម្មជាតិអាមេរិកបញ្ជាក់ថា អាមេរិក និងអ៉ីស្រាអែល មានគោលដៅយោធា «ខុសគ្នា» ក្នុងសង្គ្រាមលើអ៉ីរ៉ង់ (Video inside)

19-03-2026 21:39

(វ៉ាស៊ីនតោន)៖ នៅក្នុងកិច្ចសាកសួរចំពោះមុខគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃសភាតំណាងរាស្ត្រកាលពីថ្ងៃព្រហស្បតិ៍ នាយកចារកម្មជាតិអាមេរិក លោកស្រី Tulsi Gabbard បានអះអាងថា គោលដៅនៃយុទ្ធនាការយោធាប្រឆាំងនឹងអ៉ីរ៉ង់ រវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល គឺមិនដូចគ្នាឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters។

លោកស្រី Gabbard បានសង្កត់ធ្ងន់ថា «គោលដៅដែលកំណត់ដោយប្រធានាធិបតីអាមេរិក គឺខុសគ្នាពីគោលដៅដែលកំណត់ដោយរដ្ឋាភិបាលអ៉ីស្រាអែល»។ លោកស្រីបានពន្យល់ថា តាមរយៈប្រតិបត្តិការកន្លងមក គេអាចមើលឃើញយ៉ាងច្បាស់ថា រដ្ឋាភិបាលអ៉ីស្រាអែលកំពុងផ្តោតការយកចិត្តទុកដាក់លើ «ការកម្ចាត់ចោលរចនាសម្ព័ន្ធដឹកនាំកំពូលរបស់អ៉ីរ៉ង់»។ ដោយឡែក គោលដៅរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺផ្តោតសំខាន់តែលើការកម្ទេចសមត្ថភាពបាញ់មីស៊ីលបាលិស្ទីក, ការកម្ទេចសមត្ថភាពផលិតមីស៊ីល និងការកម្ទេចកងទ័ពជើងទឹករបស់អ៉ីរ៉ង់តែប៉ុណ្ណោះ។

ការបញ្ជាក់របស់លោកស្រី Gabbard បានឆ្លុះបញ្ចាំងពីភាពខុសគ្នានៃយុទ្ធសាស្ត្ររវាងសម្ព័ន្ធមិត្តទាំងពីរ ដែលកំពុងរួមគ្នាវាយប្រហារលើអ៉ីរ៉ង់ ខណៈសង្គ្រាមនេះឈានចូលដល់សប្តាហ៍ទី៣ ដោយមិនទាន់មានសញ្ញាណនៃកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនៅឡើយ៕