រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ គោលដៅនៃសង្គ្រាមលើអ៉ីរ៉ង់ «នៅតែមិនផ្លាស់ប្តូរ» បើទោះបីវាយប្រហារជាង ៧,០០០គោលដៅរួចហើយក៏ដោយ (Video inside)
19-03-2026 20:27
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេកសេត (Pete Hegseth) បានថ្លែងនៅថ្ងៃព្រហស្បតិ៍ថា គោលបំណងយោធារបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងអ៉ីរ៉ង់ មិនមានការប្រែប្រួលឡើយ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមរបាយការណ៍ពីមន្ទីរបញ្ចកោណ រហូតមកទល់ពេលនេះ យោធាអាមេរិកបានបើកការវាយប្រហារលើគោលដៅចំនួន ៧,០០០កន្លែងនៅទូទាំងប្រទេសអ៉ីរ៉ង់ រួមទាំងការកម្ទេចនាវាដាក់មីនជាង ៤០គ្រឿង និងនាវាមុជទឹកចំនួន ១១គ្រឿង។ លោក ហេកសេត បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «គោលបំណងរបស់យើង ដែលទទួលបានផ្ទាល់ពីប្រធានាធិបតី (ដូណាល់ ត្រាំ) គឺនៅដដែលដូចថ្ងៃទីមួយ។ វាជាគោលដៅដែលដើរតាមផែនការ និងមិនផ្លាស់ប្តូរឡើយ»។
លោក ហេកសេត បានសង្កត់ធ្ងន់ថា គោលដៅយោធាដែលអាមេរិកកំពុងសម្រេចឱ្យបាននោះគឺ ការបំផ្លាញចោលប្រព័ន្ធបាញ់មីស៊ីលអ៉ីរ៉ង់, ការកម្ទេចមូលដ្ឋានឧស្សាហកម្មការពារជាតិ, ការបំផ្លាញកងទ័ពជើងទឹកអ៉ីរ៉ង់ និងជាពិសេសគឺការធានាថា អ៉ីរ៉ង់នឹងមិនអាចទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត។
ក្នុងសន្និសីទកាសែតដដែលនេះ លោកឧត្តមសេនីយ៍ Dan Caine ប្រធានអគ្គសេនាធិការចម្រុះអាមេរិក បានបញ្ជាក់បន្ថែមថា កងទ័ពអាមេរិកកំពុងសម្រេចគោលដៅតាមផែនការ ហើយការវាយប្រហារកំពុងតែ «ជ្រៅទៅក្នុងទឹកដីអ៉ីរ៉ង់» ជារៀងរាល់ថ្ងៃ ដើម្បីធានាថាគ្រប់គោលដៅទាំងអស់នឹងត្រូវកម្ទេចចោល៕
