FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារាំងសង់នាវាផ្ទុកយន្តហោះចម្បាំងថ្មី ដោយដាក់ឈ្មោះតាមចលនាតស៊ូ សម័យសង្រ្គាមលោកលើកទីពីរ

19-03-2026 16:56

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឱ្យដឹងថា នាវាចម្បាំងថ្មីមួយគ្រឿងរបស់បារាំង នឹងដាក់ឈ្មោះ «Free France» ខណៈទីក្រុងប៉ារីសកំពុងជំរុញកម្មវិធី ១០.២ពាន់លានអឺរ៉ូ ឬ ១២ពាន់លានដុល្លារ ដើម្បីជំនួសនាវាផ្ទុកយន្តហោះចម្បាំង Charles de Gaulle ដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានអាយុកាលចាស់របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ ២០២៦។

Free France ជាឈ្មោះ​នៃចលនាតស៊ូរបស់បារាំង ក្នុងសង្គ្រាមលោកលើកទីពីរ។ ការប្រកាសរបស់លោក Macron ធ្វើឡើងអំឡុងពេលទស្សនកិច្ច ទៅកាន់ការដ្ឋានសាងសង់ នៅក្នុងទីក្រុង Indre ភាគខាងលិចប្រទេសបារាំង ជាទីដែលក្រុមហ៊ុនរដ្ឋ Naval Group ចាប់ផ្តើមការងារសាងសង់។

ក្រោយធ្វើតេស្តជាក់ស្តែងលើសមុទ្រនៅឆ្នាំ ២០៣៦ នាវាថ្មីនេះនឹងដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០៣៨ នៅពេលដែលនាវា Charles de Gaulle ចូលនិវត្តន៍។ Free France ដែលមានប្រវែង ៣១០ម៉ែត្រ បំពាក់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនពី នឹងរក្លាយជានាវាចម្បាំងធំជាងគេដែលសាងសង់នៅអឺរ៉ុប។ ក្រៅពីយន្តហោះចម្បាំង វាក៏នឹងរួមបញ្ចូលបច្ចេកវិទ្យាយន្តហោះដ្រូនទំនើបចុងក្រោយបំផុតផងដែរ។

នាវានេះគឺជាស្នូលនៃឆ័ត្រនុយក្លេអ៊ែរបារាំង និងកិច្ចប្រឹងប្រែងរបស់អឺរ៉ុបក្នុងការពង្រឹងស្វ័យការពារជាតិ។ បារាំង គឺជាមហាអំណាចនុយក្លេអ៊ែរតែមួយគត់ របស់សហភាពអឺរ៉ុប ហើយស្ថិតក្នុងចំណោមប្រទេសអឺរ៉ុបមួយចំនួនតូច ដែលមាននាវាផ្ទុកយន្តហោះចម្បាំង៕