កូវ៉ែតប្រកាសថាបានទប់ស្កាត់គម្រោងភេរវកម្ម និងឃាត់ខ្លួនសមាជិកក្រុមហេសបូឡា១០នាក់
19-03-2026 15:03
(កូវ៉ែត)៖ ក្រសួងមហាផ្ទៃនៃប្រទេសកូវ៉ែត បានប្រកាសឱ្យដឹងថា កាលពីថ្ងៃពុធ ទី១៨ ខែមីនា ជនសកម្មប្រយុទ្ធចំនួន១០នាក់ ពាក់ព័ន្ធជាមួយក្រុមហេសបូឡាលីបង់ ដែលគាំទ្រដោយអ៉ីរ៉ង់ ត្រូវបានចាប់ខ្លួន ដោយពួកគេទាំងនោះ ត្រូវបានចោទប្រកាន់ថា មានផែនការធ្វើសកម្មភាពភេរវកម្មប្រឆាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
វាគឺជាបណ្តាញពាក់ព័ន្ធហេសបូឡាទី២ហើយ ដែលត្រូវបានចាប់ខ្លួននៅកូវ៉ែតក្នុងសប្តាហ៍នេះ ស្របពេលតំបន់ឈូងសមុទ្រអារ៉ាប់ ប្រឈមមុខការវាយប្រហាររបស់អ៉ីរ៉ង់ជារៀងរាល់ថ្ងៃ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅមជ្ឈិមបូព៌ា ដោយសារការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែល លើប្រទេសអ៉ីរ៉ង់ កាលពីចុងខែមុន ហើយក្រុមសកម្មប្រយុទ្ធមួយចំនួន ដែលគាំទ្រដោយអ៉ីរ៉ង់ រួមមានទាំងហេសបូឡានៅលីបង់ បានចូលរួមក្នុងជម្លោះ។
ក្រសួងមហាផ្ទៃកូវ៉ែត បានបញ្ចេញវីដេអូបង្ហាញពីសម្ភារដែលត្រូវបានរឹបអូស រួមមានដូចជាទង់ហេសបូឡា យន្តហោះដ្រូនខ្នាតតូច ព្រមទាំងរូបថតរបស់អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei និងអតីតមេដឹកនាំហេសបូឡា លោក Hassan Nasrallah។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រសួងមហាផ្ទៃកូវ៉ែតក៏បានប្រកាសផងដែរ ពីការចាប់ខ្លួនមនុស្ស១៦នាក់ ក្នុងនោះ១៤នាក់ជាជនជាតិកូវ៉ែតផ្ទាល់ និង២នាក់ជាជនជាតិលីបង់ ដោយអ្នកទាំងនោះពាក់ព័ន្ធជាមួយក្រុមហេសបូឡា និងមានផែនការធ្វើសកម្មភាពបង្កការបំផ្លិចបំផ្លាញខូចខាត នៅក្នុងប្រទេសកូវ៉ែត។ ក្រុមហេសបូឡា បានចេញមុខបដិសេធថា មិនមានសមាជិកណាម្នាក់ ក្នុងចំណោមជនទាំង១៦នាក់នោះឡើយ៕



