អារ៉ាប៊ីសាអូឌីត កោះប្រជុំរដ្ឋមន្ត្រីការបរទេសអារ៉ាប់ និងអ៉ីស្លាមជាបន្ទាន់ ដើម្បីរកដំណោះស្រាយសង្គ្រាមនៅអ៉ីរ៉ង់
18-03-2026 22:33
(រីយ៉ាដ)៖ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានប្រកាសថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិគ្រោះយោបល់មួយ នៅថ្ងៃពុធនេះ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអារ៉ាប់ និងអ៉ីស្លាមជាច្រើន ដើម្បីស្វែងរកមធ្យោបាយគាំទ្រដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ស្របពេលដែលសង្គ្រាមជាមួយប្រទេសអ៉ីរ៉ង់ កំពុងបន្តអូសបន្លាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យោងតាមប្រភពការទូតតួកគី តំណាងមកពីប្រទេសចំនួន ១០ រួមមាន៖ អាស៊ែបៃហ្សង់, បារ៉ែន, អេហ្ស៊ីប, ហ្ស៊កដានី, កូវ៉ែត, ប៉ាគីស្ថាន, កាតា, ស៊ីរី, តួកគី និងអេមីរ៉ាតអារ៉ាប់រួម (UAE) នឹងចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺការស្វែងរកដំណោះស្រាយដោយសន្តិវិធី មុនពេលដែលសង្គ្រាមនេះបង្កឱ្យមានការខូចខាតទំនាក់ទំនងរយៈពេលវែង រវាងបណ្តាប្រទេសក្នុងតំបន់។
គួរបញ្ជាក់ថា ជម្លោះរវាងអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ ដែលអូសបន្លាយចូលដល់សប្តាហ៍ទី៣ បានធ្វើឱ្យពិភពលោកស្ថិតក្នុងភាពច្របូកច្របល់ ដោយបង្កការរំខានដល់ការផ្គត់ផ្គង់ថាមពលសកលយ៉ាងធ្ងន់ធ្ងរ៕


