អ៉ីរ៉ង់ព្រមានវាយប្រហារឃ្លាំងប្រេង និងឧស្ម័ននៅអារ៉ាប៊ីសាអូឌីត, UAE និងកាតា «ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ»
18-03-2026 22:17
(តេហេរ៉ង់)៖ នាថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានចេញផ្សាយសេចក្តីព្រមានឱ្យជនស៊ីវិល និងបុគ្គលិកទាំងអស់ ចាកចេញជាបន្ទាន់ពីកន្លែងផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗមួយចំនួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត, អេមីរ៉ាតអារ៉ាប់រួម (UAE) និងកាតា ដោយអ៉ីរ៉ង់ប្រកាសថា នឹងបើកការវាយប្រហារ «ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការព្រមាននេះ បានកំណត់គោលដៅចំៗលើរោងចក្រចម្រាញ់ប្រេង Samref និងមជ្ឈមណ្ឌលគីមីឥន្ធនៈ Jubail ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត, វាលឧស្ម័ន Al Hosn ក្នុងប្រទេស UAE និងទីតាំងមួយចំនួនទៀតនៅក្នុងប្រទេសកាតា។ សេចក្តីព្រមានបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីតាំងទាំងនេះ បានក្លាយជាគោលដៅយោធាស្របច្បាប់រួចទៅហើយ។ ដូច្នេះ សូមឱ្យប្រជាពលរដ្ឋ អ្នកស្នាក់នៅ និងបុគ្គលិកទាំងអស់ ត្រូវចាកចេញពីតំបន់ទាំងនេះជាបន្ទាន់ ដោយគ្មានការពន្យារពេលឡើយ»។
គួរបញ្ជាក់ថា ការព្រមាននេះធ្វើឡើងភ្លាមៗ បន្ទាប់ពីឃ្លាំងស្តុកប្រេងសំខាន់ៗរបស់អ៉ីរ៉ង់ នៅតំបន់ South Pars និង Asaluyeh រងការវាយប្រហារតាមអាកាស។ យោងតាមគេហទំព័រព័ត៌មាន Axios ប្រតិបត្តិការវាយប្រហារកាលពីថ្ងៃពុធនេះ គឺត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងយោធាអ៉ីស្រាអែល និងសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការបង្កើនកម្រិតសង្គ្រាមកាន់តែខ្លាំងក្លា ខណៈជម្លោះរវាងភាគីទាំងបី បាននិងកំពុងរុញច្រានតំបន់មជ្ឈិមបូព៌ា ឱ្យធ្លាក់ចូលក្នុងវិបត្តិសន្តិសុខ និងសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក៕
