FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកព្រឹទ្ធសភាអាមេរិក ត្រៀមបើកកិច្ចសាកសួរក្រុមមន្ត្រីសន្តិសុខជាតិ ជុំវិញសង្គ្រាមនៅអ៉ីរ៉ង់

18-03-2026 20:41

(វ៉ាស៊ីនតោន)៖ នាថ្ងៃពុធនេះ សមាជិកព្រឹទ្ធសភាអាមេរិកនឹងបើកកិច្ចសាកសួរជាសាធារណៈទៅលើមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងស្ថានភាពសន្តិសុខជាតិ ក្រោយសង្គ្រាមជាមួយអ៉ីរ៉ង់បានអូសបន្លាយជិត ៣សប្តាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការសាកសួរនេះ នឹងផ្តោតសំខាន់លើជម្លោះដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាជនរាប់លាននាក់ និងធ្វើឱ្យទីផ្សារថាមពល និងភាគហ៊ុនពិភពលោកមានការរង្គោះរង្គើ។ សមាជិកសភាទាំងពីរបក្ស (សាធារណរដ្ឋ និងប្រជាធិបតេយ្យ) បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដែលសេតវិមានមិនបានផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់សភា អំពីសង្គ្រាមដែលបានចំណាយថវិកាពន្ធរបស់អ្នកជាប់ពន្ធអាមេរិកអស់រាប់ពាន់លានដុល្លារនេះ។

គួរបញ្ជាក់ថា នាយកចារកម្មជាតិ លោកស្រី Tulsi Gabbard និងនាយក CIA លោក John Ratcliffe នឹងត្រូវចូលខ្លួនធ្វើសក្ខីកម្មជាសាធារណៈ ជាជាងការធ្វើបទបង្ហាញសម្ងាត់ដូចពេលកន្លងមក។ កិច្ចសាកសួរនេះ ក៏នឹងប៉ះពាល់ដល់ករណីនៃការលាលែងតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Joseph Kent ដែលជាអតីតនាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ និងជាមនុស្សជំនិតរបស់លោកស្រី Gabbard ផងដែរ។ លោក Kent បានចោទប្រកាន់ថា ការធ្វើសង្គ្រាមនេះគឺធ្វើឡើងដោយសារតែ «សម្ពាធពីអ៉ីស្រាអែល និងក្រុមអ្នកបញ្ចុះបញ្ចូលដ៏មានឥទ្ធិពល» ប៉ុន្តែសេតវិមានបានច្រានចោលការចោទប្រកាន់នេះ ដោយហៅវាថាជា «ព័ត៌មានមិនពិត»៕