FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តើការបំផុសសង្គ្រាមនិងការធ្វើអនុត្តរភាពលើប្រទេសដទៃជាការស្វែងរក «សន្តិភាព» និង «សន្តិសុខ» ឬ?

18-03-2026 18:02

(ប៉េកាំង)៖ «សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ» ហើយក៏មិនអាចនាំមកនូវសន្តិភាពឬសន្តិសុខនោះដែរ នេះជាឡូហ្ស៊ីកដែលគេទទួលស្គាល់ជាទូទៅ។ ក៏ប៉ុន្តែ សម្រាប់ «ឡូហ្ស៊ីកទំនើង» ដែលមានតែអញជាធំរបស់អាមេរិកវិញ ការគំរាមកំហែងឬវាយប្រហារប្រទេសដទៃដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនវាជារឿង«ត្រឹមត្រូវ»

តាំងពីដើមមក មិនថាវិស័យពាណិជ្ជកម្មឬវិស័យអ្វីក៏ដោយ ក៏អាមេរិកតែងផ្សារភ្ជាប់វាជាមួយនឹងអ្វីដែលហៅថា «សន្តិសុខជាតិ» ហើយសម្លុតកំហែងឬដាក់ទណ្ឌកម្មប្រទេសដទៃក្រោមលេស«បង្កផលប៉ះពាល់ដល់សន្តិសុខជាតិរបស់អាមេរិក»។ តើក្នុងនាមជាប្រទេសមហាអំណាចធំទីមួយលើពិភពលោក សន្តិសុខជាតិរបស់អាមេរិកមានភាពផុយស្រួយរហូតដល់ ប្រទេសណាក៏អាចបង្កការគំរាមកំហែងបានឬ?

ពីការចាប់ខ្លួនប្រធានាធិបតីស្របច្បាប់នៃប្រទេសវ៉េណេស៊ុយអេឡាដែលជារដ្ឋអធិបតេយ្យ រហូតដល់ការបំផុសសង្គ្រាមលើអ៊ីរ៉ង់ អាមេរិកបានប្រើពាក្យថា «ដើម្បីការពារសន្តិសុខជាតិរបស់វ៉េណេស៊ុយអេឡា» ដែលជាការជ្រៀតជ្រែកយ៉ាងកំរោល ចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ជាពិសេសបន្ទាប់ពីចាប់ខ្លួនលោក ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា ដោយបំពានច្បាប់អន្តរជាតិយ៉ាងគឃ្លើនក្រោមលេស«អន្តរាគមន៍យោធា» លោក ត្រាំ ប្រធានាធិបតីអាមេរិកបានប្រកាស គ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡា ហើយត្រៀមបូមយកប្រេងបម្រុងរបស់ប្រទេសមួយនេះ ដែលជាគោលដៅពិតប្រាកដ នៃប្រតិបត្តិការយោធារបស់អាមេរិក។

ចំណែកការវាយប្រហារអ៊ីរ៉ង់វិញ អាមេរិកក៏បានអះអាងថា «អ៊ីរ៉ង់គំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិក»។ អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ក្នុងខណៈពេលដែលអាមេរិកវាយប្រហារលើអ៊ីរ៉ង់ គឺប្រតិភូនៃប្រទេសទាំងពីរអាមេរិកនិងអ៊ីរ៉ង់ កំពុងធ្វើការចរចាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ហើយទទួលបានលទ្ធផលវិជ្ជមានមួយចំនួនទៅហើយ។ ការដែលអាមេរិកនិងអ៊ីស្រាអែល វាយប្រហារចំពោះអ៊ីរ៉ង់មានន័យថា ក្នុងជម្រើសរវាងការចរចានិងការធ្វើសង្គ្រាម អាមេរិកបានជ្រើសយកការធ្វើសង្គ្រាម ដែលជាទម្លាប់របស់អាមេរិក ដោយសំអាងលើកម្លាំងទ័ពនិងសព្វាវុធរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២៦ លោក ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសបង្កើត «ក្រុមប្រឹក្សាសន្តិភាព»ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស Davos ដោយឱ្យនិយមន័យក្រុមប្រឹក្សានេះ ថាជាអង្គការអន្តរជាតិមួយ ដែលបានបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយសន្តិភាព និងការដោះស្រាយជម្លោះសម្រាប់តំបន់ដែលរងសង្គ្រាម និងភាពអស្ថិរភាព។ ក៏ប៉ុន្តែ ក្នុងនាមជាអ្នកផ្តួចផ្តើមឱ្យបង្កើត «ក្រុមប្រឹក្សាសន្តិភាព» អាមេរិកបែរជាបាន «ដោះស្រាយបញ្ហា»ដោយការសម្លុតកំហែងដំឡើងពន្ធគយ ការវាយប្រហារដោយយោធា និងការធ្វើអនុត្តរភាពលើប្រទេសដទៃ ដូចជាករណីថ្មីបំផុតនៅប្រទេសវ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់ជាដើម ហើយបើតាមលោក ត្រាំ ប្រទេសគុយបាអាចនឹងក្លាយជា គោលដៅបន្ទាប់ដែលត្រូវរងការវាយប្រហារពីអាមេរិក។

ជាលទ្ធផលនៃការប្រើប្រាស់កម្លាំងអាវុធ បច្ចុប្បន្នពិភពលោកទាំងមូលបាននិងកំពុងរងផលវិបាក ដែលបណ្តាលមកពីការវាយប្រហារ របស់អាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ពិសេសការឡើងថ្លៃប្រេងបានធ្វើឱ្យប៉ះផលជាទូទៅ ចំពោះជីវភាពរស់នៅរបស់ប្រជាជន នៃបណ្តាប្រទេសនានា។ ករណីដែលកើតឡើងជាក់ស្តែងបានប្រាប់យើងថា ការបំផុសសង្គ្រាមវាមិនអាចនាំមក នូវសន្តិភាពឬសន្តិសុខនោះទេ ពោលគឺមានតែផលវិនាសនិងផលវិបាកបន្ទាប់បន្សំ ហើយត្រូវបង់តម្លៃដោយប្រជាជនស្លូតត្រង់។

ដូចដែលយើងទាំងអស់គ្នាដឹងស្រាប់ហើយថា ការធ្វើពាណិជ្ជកម្មជាមួយគ្នាត្រូវឈរលើមូលដ្ឋាននៃការគោរពគ្នានិងស្មើភាព ទើបអាចទទួលបានលទ្ធផលឈ្នះ-ឈ្នះ។ ប៉ុន្តែគោលនយោបាយ«អាមេរិកជាអាទិភាព»និងការធ្វើឱ្យរឿងពាណិជ្ជកម្ម ជាប្រក្រតីជាប់ពាក់ព័ន្ធជាមួយនឹងរឿងនយោបាយឬរឿងសន្តិសុខជាតិ ដែលអាមេរិកតែងប្រព្រឹត្តជាញឹកញាប់ បាននាំឱ្យកើតមានសង្គ្រាមពាណិជ្ជកម្មជាច្រើនលើកជាមួយប្រទេសផ្សេងៗ ពិសេសប្រទេសចិនដោយសារទង្វើអនុវត្តរភាព របស់អាមេរិកដែលគាបសង្កត់សហគ្រាសបរទេស រហូតដល់ការដំឡើងពន្ធគយខ្ពស់កប់ដែលធ្វើឱ្យខូចខាត ទាំងផលប្រយោជន៍របស់សហគ្រាសបរទេសនិងប្រជាជនអាមេរិកផ្ទាល់។

អ្វីដែលគេកត់សម្គាល់គឺ ការចោទប្រកាន់របស់អាមេរិកថាសហគ្រាសនេះសហគ្រាសនោះ «មានហានិភ័យចំពោះសន្តិសុខជាតិ របស់អាមេរិក» ចុងក្រោយគឺអាមេរិកចង់គ្រប់គ្រងសហគ្រាសពាក់ព័ន្ធដោយខ្លួនឯង ដើម្បីជាផលប្រយោជន៍ខាងពាណិជ្ជកម្ម តែប៉ុណ្ណោះ គ្មានទាក់ទងអ្វីបន្តិចជាមួយនឹងសន្តិសុខជាតិនោះឡើយ ឧទាហរណ៍ដូចជារឿងក្រុមហ៊ុនTik Tok ជាដើម។

ជារួម មិនថាការថែរក្សាសន្តិភាពឬសន្តិសុខជាតិនោះឡើយ គឺត្រូវផ្អែកលើការធ្វើការជាមួយគ្នាដោយស្មើភាព និងគោរពអធិបតេយ្យភាពទៅវិញទៅមក។ សន្តិភាពមិនដែលកើតចេញពីសង្គ្រាមនោះទេ ហើយការថែរក្សាសន្តិសុខជាតិ ក៏មិនមែនមានន័យថាត្រូវផ្អែកលើការសម្លុតកំហែងឬគាបសង្កត់អ្នកដទៃនោះដែរ។ ពិភពលោកដែលមានអរិយធម៌ចម្រុះ ត្រូវការការសន្ទនា និងការរៀនសូត្រពីគ្នា ដើម្បីយល់ដឹងពីគ្នា យោគយល់គ្នា ទើបអាចគ្រប់គ្រងការខ្វែងគំនិតនិងបញ្ចៀសការប៉ះទង្គិច ហើយអាចរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់នាំមកនូវសន្តិភាព និងសន្តិសុខជាតិយ៉ាងពិតប្រាកដ៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន