បទវិភាគ៖ ការធ្វើដំណើរស្របជាមួយកាលានុវត្តភាព៖ ការចាប់ផ្តើមដ៏ល្អនៃសេដ្ឋកិច្ចចិននៅឆ្នាំថ្មី បំពេញបន្ថែមកម្លាំងចលករសម្រាប់សេដ្ឋកិច្ចពិភពលោក
17-03-2026 18:11
(ប៉េកាំង)៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិននៅថ្ងៃទី ១៦ ខែមីនាបានបង្ហាញថា ពីខែមករាដល់ខែកុម្ភៈ ឆ្នាំនេះ កំណើននៃការផ្គត់ផ្គង់ផ្នែកផលិតកម្មបានបង្កើនល្បឿនថែមទៀត តម្រូវការក្នុងទីផ្សារបានកើនឡើង ដោយនឹងនរ ឱកាសការងារនិងតម្លៃទំនិញ បានរក្សាភាពនឹងនរជាទូទៅ កម្លាំងផលិតកម្មគុណភាពថ្មី ទទួលបានការរីកចម្រើន សេដ្ឋកិច្ចបានដំណើរការដោយរឹងមាំដែលសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរ ។ ប្រការនេះមិនត្រឹមតែបានធ្វើឱ្យប្រជាជនចិនអាចទទួលអារម្មណ៍ពីភាពកក់ក្ដៅ នៃការអភិវឌ្ឍនិងបង្កើតមូលដ្ឋានគ្រឹះដ៏ល្អប្រសើរ សម្រាប់ការសម្រេចបាននូវគោលដៅកំណើនពេញមួយឆ្នាំប៉ុណ្ណោះទេ ថែមទាំងត្រូវប្រព័ន្ធសរព័ត៌មានបរទេសវាយតម្លៃថា "លើសពីព្យាករណ៍"ដែលបានបំពេញបន្ថែមនូវកម្លាំងចលករសម្រាប់សេដ្ឋកិច្ចពិភពលោក ។
ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត "ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ "របស់ចិន។ ក្នុងបរិបទដែលហានិភ័យភូមិសាស្ត្រនយោបាយ បានកើនឡើងនិងការកើនឡើងយ៉ាងខ្លាំង នៃកត្តាមិនប្រាកដប្រជាគ្រប់បែបយ៉ាង តើកត្តាអ្វីបានធ្វើឱ្យសេដ្ឋកិច្ចចិនសម្រេចបាននូវ"ការចាប់ផ្តើមដ៏ល្អ"?
សូមក្រឡេកមើលស្ថិរភាពនៃនិន្នាការជាទូទៅ។ ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ ការផលិតផ្នែកឧស្សាហកម្មត្រូវបានពន្លឿន តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានកើនឡើង ៦,៣ ភាគរយ ឧស្សាហកម្មសេវាកម្មបានកើនឡើងលឿនបង្គួរហើយល្បឿនកំណើន នៃការលក់ដូរក្នុងទីផ្សារបានស្តារឡើងវិញ ដោយឡែកក្នុងរយៈពេលពីរខែដើមឆ្នាំនេះ ទំហំលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមបានកើនឡើង ២,៨ ភាគរយ ការប្រើប្រាស់ខាងសេវាកម្មបានកើនឡើង ៥,៦ ភាគរយ ហើយសក្តានុពលនៃការប្រើប្រាស់ក្នុងទីផ្សារដ៏ធំធេង កំពុងកើនឡើងយ៉ាងឆាប់រហ័ស ។ល។ នៅពីក្រោយទិន្នន័យជាក់ស្តែងទាំងនេះគឺជាកម្លាំងជាក់ស្តែងរបស់សេដ្ឋកិច្ចចិន ដែលមានមូលដ្ឋានគ្រឹះរឹងមាំនិងទីផ្សារធំ ។
បើសង្កេតមើលសេដ្ឋកិច្ចនៃប្រទេសមួយ ក៏គួរមើលពីកម្លាំងចលករថ្មីសម្រាប់ជំរុញការអភិវឌ្ឍផងដែរ។ ក្នុងកម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី ២០២៦ មនុស្សយន្តរបស់ចិនបាននាំឱ្យពិភពលោកមើលឃើញការអភិវឌ្ឍ និងការវិវឌ្ឍរីកចម្រើននៃកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិន។ ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ តម្លៃបន្ថែមនៃផលិតកម្មកម្មន្ដសាលបច្ចេកវិទ្យាខ្ពស់របស់ចិន បានកើនឡើង ១៣,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលលឿនជាងទ្វេដង បើប្រៀបធៀបនឹងឧស្សាហកម្មធម្មតា ។
ជាមួយគ្នានេះដែរ ភាពធន់នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន បានធ្វើឱ្យពិភពលោកចែករំលែកកាលានុវត្តភាពនៃការបើកទូលាយ។ ទោះបីជាគាំពារនិយមផ្នែកពាណិជ្ជកម្ម បានងើបឡើងវិញជាបន្តបន្ទាប់ក៏ដោយ ក៏ការនាំចេញនាំចូលទំនិញរបស់ចិនក្នុងរយៈពេលពីរខែដើមឆ្នាំនេះនៅតែបានកើនឡើងដោយផ្ទុយពីនិន្នាការណ៍ចំនួន ១៨,៣ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះការនាំចូលបានកើនឡើង ១៧,១ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ។ ប្រការនេះមិនត្រឹមតែបានបង្ហាញថា តម្រូវការក្នុងស្រុករបស់ចិន ត្រូវបានកែលម្អប៉ុណ្ណោះទេ ថែមទាំងមានន័យថា ប្រទេសចិនកំពុងផ្តល់កាលានុវត្តភាពពាណិជ្ជកម្មដល់សហគ្រាស នៃប្រទេសនានាតាមរយៈលំហទីផ្សារជាក់ស្តែងរបស់ប្រទេសចិន។
លើសពីនេះទៅទៀត ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ចិនជាមួយប្រទេសដែលរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" បានកើនឡើង ២០ ភាគរយដែលមានន័យថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសសកលខាងត្បូងនិងទីផ្សារងើបឡើងថ្មីមានភាពកាន់តែស៊ីជម្រៅ ហើយរចនាសម្ព័ន្ធនៃដៃគូពាណិជ្ជកម្មកាន់តែមានតុល្យភាព ។ ចាប់តាំងពីឆ្នាំនេះមក អ្នកនយោបាយសំខាន់ៗនៃប្រទេសជាច្រើននិងមន្រ្តីជាន់ខ្ពស់នៃសហគ្រាសបរទេសជាច្រើនបានទៅធ្វើទស្សនកិច្ចនៅប្រទេសចិនយ៉ាងមមាញឹក ហើយមូលធនអន្តរជាតិ បាននាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន ពីព្រោះអ្នកផងទាំងពួងបានឃើញច្បាស់ថា ការធ្វើដំណើររួមជាមួយប្រទេសចិន គឺហាក់ដូចជាការធ្វើដំណើរស្របជាមួយកាលានុវត្តភាព រីឯការវិនិយោគនៅប្រទេសចិនគឺជាការវិនិយោគដើម្បីថ្ងៃអនាគត។
នៅពេលអនាគត ស្របពេលដែលភារកិច្ចគ្រប់ផ្នែកសម្រាប់ការរៀបចំចាត់ចែងនៃ"ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ "របស់ចិនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ខ្លឹមសារនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ របស់ប្រទេសចិននឹងមានភាពកាន់តែស៊ីជម្រៅ ដែលនឹងនាំមកនូវ "ភាគលាភចិន" កាន់តែច្រើនដល់ពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន



