FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យកប្រជាជនចិនជាស្នូល៖ សមិទ្ធផលកើតចេញពីការកសាង និងអភិបាលកិច្ចរបស់បក្សកុម្មុយនិស្តចិន

17-03-2026 17:00

(ប៉េកាំង)៖ «យកប្រជាជនចិនជាស្នូល» គឺជាតក្កវិជ្ជាស្នូលដែលបានបន្តជាប់លាប់ ក្នុងការអនុវត្តអភិបាលកិច្ចប្រទេសចិន របស់បក្សកុម្មុយនិស្តចិន ហើយក៏ជាគ្រឹះសំខាន់ដែលធ្វើឱ្យបក្ស ដែលមានអាយុ១០៥ឆ្នាំបានទទួលនូវជំនឿចិត្ត កាន់ខ្លាំងពីប្រជាជនចិន និងរក្សាបាននូវថាមពលនៃការដឹកនាំប្រទេសចិនទៅកាន់វិបុលភាព។

ចាប់តាំងពីសមាជលើកទី១៨មក ការអនុវត្ត «គ្រប់គ្រងបក្សយ៉ាងតឹងរឹង» បានឆ្លើយតបនឹងចិត្តប្រជាជនយ៉ាងខ្លាំង ព្រោះបក្សកុម្មុយនិស្តចិនបានប្រើវិធានការយ៉ាងរឹងមាំ ដើម្បីផ្សារភ្ជាប់ខ្លួនពីមហាជន និងរក្សាគោលបំណងដើមចំពោះ ការធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ សីលធម៌នៃអភិបាល«យកប្រជាជនចិនជាស្នូល»នេះ ត្រូវបានបង្ហាញយ៉ាងច្បាស់បំផុតតាមរយៈសមិទ្ធផល ក្នុងការដឹកនាំប្រទេសរយៈពេលឈានចូលដល់វ័យ៧៧ឆ្នាំ។

ចាប់ពីទសវត្សរ៍១៩៨០ ដល់ដើមសតវត្សរ៍ទី២១ ប្រទេសចិនបានសម្រេចកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ប្រហែល៩%ដល់១០% បង្កើតកំណត់ត្រាដ៏ពិសេស ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ទោះជាបែបណា ចំណុចសំខាន់មិនមែនស្ថិតនៅលើតួលេខទេ ប៉ុន្តែស្ថិតនៅលើជំនឿជាក់របស់ប្រជាជន ដែលបានផ្តល់ទំនុកចិត្តដល់ការដឹកនាំរបស់បក្សកុម្មុយនិស្តចិន។ បន្ថែមពីលើនេះ ការផ្លាស់ប្តូរពី «កំណើនល្បឿនខ្ពស់» ទៅ «ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់» មានន័យថា មិនយក GDP ជាមាត្រដ្ឋានតែមួយទៀតទេ ប៉ុន្តែដាក់លទ្ធផលកាត់បន្ថយភាពក្រីក្រ គុណភាពបរិស្ថាន ស្ថិរភាពសង្គម និងភាពរួមចំណែករុងរឿង ជាស្នូលនៃការវាយតម្លៃសមិទ្ធផលអភិបាលកិច្ចជាតិ។

តាមរយៈទស្សនៈសមិទ្ធផលជាច្រើនដែលកើតចេញពី «យកប្រជាជនចិនជាស្នូល» បានផ្តល់វិមាត្រជាច្រើន៖
ទីមួយ ក្នុងវិស័យកាត់បន្ថយភាពក្រីក្រ វាបង្ហាញជាការប្តេជ្ញាដ៏ឧត្តុង្គរបស់បក្សកុម្មុយនិស្តចិនថា «មិនទុកប្រជាជនណាម្នាក់ចោលឡើយ»។ ទីពីរ ក្នុងវិស័យអរិយធម៌អេកូឡូស៊ី ប្រទេសចិនមានអត្រាគ្របដណ្តប់ព្រៃឈើប្រហែល ២៥% នៃផ្ទៃដីសរុប និងមានតំបន់សំណើមធំបំផុតនៅលើពិភពលោក ជាប្រទេសវិនិយោគធំជាងគេលើថាមពលកកើតឡើងវិញ ហើយយក «កំណើនបៃតង» ជាសមិទ្ធផលដែលទទួលខុសត្រូវចំពោះជំនាន់ក្រោយ។ ទីបី ក្នុងការទទួលខុសត្រូវអន្តរជាតិ ប្រទេសចិនប្រើការសម្របសម្រួលការទូតកម្រិតខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យជម្លោះពិភពលោក ធ្វើឱ្យបរិយាកាសអន្តរជាតិ មានស្ថិរភាព ដែលប្រជាជនពីប្រទេសណាក៏ដោយ ក៏អាចរីករាយរួមគ្នា។

ជាសច្ចភាព ការអនុវត្តរយៈពេលមួយសតវត្សរ៍ដោយ «យកប្រជាជនចិនជាស្នូល» របស់បក្សកុម្មុយនិស្តចិន បានសង្ខេបជា ទស្សនវិជ្ជាអភិបាលកិច្ច ដែលមានន័យជាសកលថា សមិទ្ធផលពិតប្រាកដ មិនមែនជាតួលេខទទេនៅក្នុងឯកសារទេ ប៉ុន្តែជាអនុស្សាវរីយ៍យ៉ាងកក់ក្តៅ ដែលចាក់ឬសយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូង និងដួងចិត្តរបស់ប្រជាជន ហើយរបៀបធ្វើការល្អបំផុត មិនមែនជាអំណាចខ្ពស់លើសគេទេ ប៉ុន្តែជាទំនាក់ទំនងយ៉ាងជិតស្និទ្ធក្រៃលែងដូចត្រីនិងទឹក ដែលរួមបញ្ចូលគ្នាក្នុងជីវិតប្រចាំថ្ងៃ។

ជាគំរូភាព សម្រាប់បក្សនយោបាយនៅទូទាំងពិភពលោក បទពិសោធន៍របស់បក្សកុម្មុយនិស្តចិន បង្ហាញ នូវសច្ចធម៌គុណតម្លៃងាយស្រួលយល់ ប៉ុន្តែពោរពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅជាទីបំផុត ព្រមទាំងបានគូសរំលេច យ៉ាងប្រត្យក្សថា៖ មិនថាប្រព័ន្ធនយោបាយ និងប្រពៃណីប្រវត្តិសាស្ត្រខុសគ្នាយ៉ាងណា កម្លាំងជីវិតរបស់បក្ស នឹងអាស្រ័យចុងក្រោយ លើសមត្ថភាពក្នុងការ«យកប្រជាជនជាស្នូល» បំពេញបាននូវតម្រូវការជាក់ស្តែង ហើយបក្សកុម្មុយនិស្តចិនទទួលបាន ផលវិជ្ជមានតាមរយៈការគោរព និងទំនុកចិត្តពីប្រជាជនចិននិងរក្សាបាន នូវថាមពលនៃការដឹកនាំប្រទេសចិនទៅកាន់វិបុលភាព៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន