អ៉ីស្រាអែលអះអាងថា ប្រធានក្រុមប្រឹក្សាសន្តិសុខ និងមេបញ្ជាការទាហានប៉ារ៉ារបស់អ៉ីរ៉ង់ ត្រូវបានសម្លាប់
17-03-2026 16:41
(ហ៊្សេរុយសាឡិម)៖ នាថ្ងៃអង្គារ ទី១៧ ខែមីនា យោធាអ៉ីស្រាអែល បានអះអាងថា ខ្លួនបានផ្តាច់ជីវិតមេបញ្ជាការរបស់កងម្លាំងយោធាប៉ារ៉ាស្ម័គ្រចិត្ត Basij នៃប្រទេសអ៉ីរ៉ង់ ក្នុងការវាយប្រហារកំណត់គោលដៅច្បាស់លាស់មួយ លើទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
យោធាអ៉ីស្រាអែល បាននិយាយដូច្នេះថា «កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ កងទ័ពអាកាសអ៉ីស្រាអែល បានធ្វើសកម្មភាពផ្អែកលើព័ត៌មានចារកម្ម ដោយបានកំណត់គោលដៅ ហើយកម្ចាត់បុគ្គលឈ្មោះ Gholamreza Soleimani ដែលបានបម្រើជាមេបញ្ជាការរបស់កងកម្លាំង Basij សម្រាប់រយៈពេល៦ឆ្នាំចុងក្រោយមកនេះ»។
គួរបញ្ជាក់ថា ក្នុងថ្ងៃអង្គារនេះ ប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល បានរាយការណ៍ថា យោធាអ៉ីស្រាអែល ក៏បានកំណត់គោលដៅលើ ប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់អ៉ីរ៉ង់ គឺលោក Ali Larijani ក្នុងការវាយប្រហារកាលពីវេលាយប់កន្លងទៅ ហើយក្រោយមក រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានទទួលស្គាល់ថា លោក Larijani ក៏ត្រូវបានសម្លាប់ផងដែរ៕



