FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការវាយប្រហារទីក្រុងកំពង់ផែ Fujairah និងវាលអណ្តូងឧស្ម័ន Shah របស់អេមីរ៉ាត់អារ៉ាប់រួម បន្ថែមការរំខានដល់វិស័យថាមពល (Video inside)

17-03-2026 16:11

(ឌូបៃ)៖ គិតត្រឹមថ្ងៃអង្គារ ទី១៧ ខែមីនា វាលកំណប់ឧស្ម័ន Shah មិនទាន់អាចធ្វើប្រតិបត្តិការឡើងវិញបានទេ បន្ទាប់ពីរងគ្រោះដោយដ្រូន ខណៈការវាយប្រហារមួយទៀត បង្កឱ្យមានអគ្គីភ័យក្នុងទីក្រុងកំពង់ផែ Fujairah ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UEA) ដែលជាស្ថានីយនាំចេញដ៏សំខាន់ និងជាទីដែលការបូមប្រេងរបស់ក្រុមហ៊ុនរដ្ឋ ADNOC ត្រូវផ្អាក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

វាលកំណប់ឧស្ម័ន Shah ស្ថិតនៅចម្ងាយប្រហែល ១៨០គីឡូម៉ែត្រភាគនិរតីទីក្រុង Abu Dhabi និងជាប្រភពធំជាងគេបំផុតមួយ លើពិភពលោក។ វាល​កំណប់ឧស្ម័ននេះ ដំណើរការ​ដោយ​ក្រុមហ៊ុន​ប្រេង​យក្សអារ៉ាប៊ីសាអូឌីត ADNOC បណ្តាក់​ទុន​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន Occidental Petroleum ផ្គត់ផ្គង់​ឧស្ម័ន​យ៉ាង​ហោច​ណាស់ ៥០០លាន​ហ្វីត​គូប​ជា​រៀងរាល់ថ្ងៃ​ ដល់​បណ្តាញ​ក្នុងស្រុក។

ទិន្នផលប្រេងឆៅប្រចាំថ្ងៃ ពីក្រុមហ៊ុនផលិតប្រេងលំដាប់ទី ៣ របស់អង្គការ OPEC មួយនេះ បានធ្លាក់ចុះជាងពាក់កណ្តាល តាំងពីជម្លោះផ្ទុះឡើង ដោយការបិទច្រកសមុទ្រ Hormuz បង្ខំឱ្យ ADNOC អនុវត្តការបិទផលិតកម្មយ៉ាងទូលំទូលាយ។ ការដឹកជញ្ជូនប្រេងឆៅរបស់ក្រុមហ៊ុន ADNOC នៅតែផ្អាកក្នុងទីក្រុងកំពង់ផែ Fujairah។ Fujairah ​បាន​រង​ការវាយប្រហារ​ជាបន្តបន្ទាប់ ហើយ​ជាធម្មតា​ជា​ប្រភព​ផ្គត់ផ្គង់​ប្រេងឆៅ Murban ​​ជាង ១លាន​បារ៉ែល​ក្នុង​មួយថ្ងៃ។

គួរបញ្ជាក់ថា បណ្តាប្រទេសអារ៉ាប់​នៅតំបន់​ឈូងសមុទ្រពែក្ស រួមទាំងអេមីរ៉ាត់​អារ៉ាប់រួម​ ​ប្រឈមមុខនឹងការវាយប្រហារ​ដោយ​មីស៉ីល និង​ដ្រូន​ជាង ២០០០គ្រឿង ចាប់តាំងពីមានសង្គ្រាម​រវាង​សហរដ្ឋអាមេរិក និង​អ៉ីស្រាអែល​លើ​អ៉ីរ៉ង់​នៅ​ថ្ងៃទី ២៨ ខែកុម្ភៈ។ ការវាយប្រហារកាលពីថ្ងៃចន្ទ បានបន្ថែមការរំខានដល់វិស័យថាមពលរបស់អេមីរ៉ាត់អារ៉ាប់រួម៕