លោក Rubio ប្រាប់អ្នកការទូតអាមេរិក ឱ្យបញ្ចុះបញ្ចូលសម្ព័ន្ធមិត្ត ដាក់កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ និងក្រុមហេសបូឡា ចូលក្នុងបញ្ជីខ្មៅ (Video inside)
17-03-2026 15:01
(វ៉ាស៉ីនតោន)៖ យោងតាមបទបញ្ជាផ្ទៃក្នុងមួយដែល Reuters បានឃើញ រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងប្រាប់ឱ្យអ្នកការទូតអាមេរិកនៅបរទេស ជំរុញដល់សម្ព័ន្ធមិត្ត ចាត់ថ្នាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) និងក្រុមហេសបូឡានៅលីបង់ ថាជាក្រុមភេរវករ ដោយលើកឡើងពីហានិភ័យនៃការរងគ្រោះដោយការវាយប្រហារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ ២០២៦។
បទបញ្ជាផ្ទៃក្នុងនេះ ចុះហត្ថលេខាដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃចន្ទ និងត្រូវបានផ្ញើទៅកាន់អ្នកការទូតអាមេរិក ក៏ដូចជាស្ថានកុងស៊ុលអាមេរិក នៅជុំវិញពិភពលោក។ បទបញ្ជានោះ ប្រាប់ឱ្យអ្នកការទូតទាំងអស់ ផ្សព្វផ្សាយដល់សមភាគីរបស់ពួកគេ និងមិនឱ្យហួសថ្ងៃទី ២០ ខែមីនា ដោយបន្ថែមថា វាជាកិច្ចខិតខំប្រឹងប្រែងតស៊ូមតិជាមួយអ៉ីស្រាអែល ដើម្បីដាក់ក្រុមទាំងនេះចូលក្នុងបញ្ជីខ្មៅ។
IRGC គឺជាកងកម្លាំងយោធាជាន់ខ្ពស់ មានភារកិច្ចការពារការច្បាប់អ៉ីស្លាមតឹងរ៉ឹងនៅអ៉ីរ៉ង់ និងគ្រប់គ្រងផ្នែកធំៗ នៃសេដ្ឋកិច្ចរបស់ប្រទេស។ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនបានចាត់ថ្នាក់រួចហើយថា IRGC និងក្រុមប្រដាប់ហេសបូឡានៅលីបង់ គឺជាក្រុមភេរវករ។
គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ កំពុងព្យាយាមប្រមូលផ្តុំសម្ព័ន្ធមិត្ត ដែលហាក់នៅមានភាពស្ទាក់ស្ទើរ ហើយភាគច្រើនមិនត្រូវបានប្រាប់ឱ្យដឹង ដើម្បីជួយដល់ប្រតិបត្តិការយោធារបស់ខ្លួន មុនអាមេរិក-អ៉ីស្រាអែលវាយប្រហារលើអ៉ីរ៉ង់៕



