អ៊ុយក្រែននិងអង់គ្លេស គ្រោងចុះកិច្ចព្រមព្រៀងដៃគូការពារជាតិ ដែលផ្តោតលើការគំរាមកំហែងពីដ្រូន (Video inside)
17-03-2026 14:20
(ឡុងដ៍)៖ មុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន នាថ្ងៃអង្គារនេះ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានប្រកាសថា ចក្រភពអង់គ្លេសនិងអ៊ុយក្រែន គ្រោងចុះកិច្ចព្រមព្រៀងភាពជាដៃគូការពារជាតិ ផ្តោតលើការទប់ស្កាត់ការគំរាមកំហែងពីសំណាក់យន្តហោះដ្រូនដែលមានតម្លៃទាប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦។
ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ កាលពីចុងខែមុនមក ទីក្រុងតេហេរ៉ង់ជាចម្បងបានប្រើប្រាស់មីស៉ីលបាលិស្ទីគវាយប្រហារលើអ៉ីស្រាអែល ប៉ុន្តែក៏បានពឹងផ្អែកលើយន្តហោះដ្រូនដែលមានតម្លៃទាបៗ ដើម្បីវាយប្រហារគោលដៅនៅតាមបណ្តាប្រទេសតំបន់ឈូងសមុទ្រផងដែរ។
ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «កិច្ចព្រមព្រៀងអង់គ្លេស-អ៊ុយក្រែន នឹងពង្រឹងសមត្ថភាពការពារជាតិជាសកល ប្រឆាំងនឹងការរីកសាយភាយនៃសម្ភារយោធាបច្ចេកវិទ្យាខ្ពស់ ដែលមានតម្លៃទាប ដូចជាដ្រូនជាដើម»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មកកាន់ទីក្រុងឡុងដ៍ នាថ្ងៃអង្គារនេះ គឺបន្ទាប់ពីរូបលោកបានបង្ហាញក្តីបារម្ភថា ចំណាប់អារម្មណ៍របស់អន្តរជាតិលើជម្លោះនៅមជ្ឈិមបូព៌ា អាចនឹងទាញការយកចិត្តទុកដាក់ចេញពីសង្រ្គាមរបស់អ៊ុយក្រែនជាមួយរុស្ស៉ី។ ក្រុមសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន បានប្តេជ្ញារក្សាការគាំទ្រសម្រាប់ទីក្រុងកៀវ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានបន្ធូរបន្ថយទណ្ឌកម្មលើទីក្រុងមូស្គូ ដើម្បីព្យាយាមទប់ទល់ការហក់ឡើងខ្ពស់នៃតម្លៃប្រេង ដោយសារសង្រ្គាមមជ្ឈិមបូព៌ា៕


