FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រីលង្កា កំណត់ឱ្យបុគ្គលិករដ្ឋ និងវិស័យអប់រំ ធ្វើការ ៤ថ្ងៃក្នុងមួយសប្តាហ៍ ដោយបារម្ភពីកង្វះខាតប្រេងឥន្ធនៈ

17-03-2026 11:15

(កូឡុំបូ)៖ ស្រីលង្កា បានប្រកាសឱ្យបុគ្គលិករដ្ឋ និងវិស័យអប់រំ ធ្វើការក្នុងរយៈពេលតិចជាងមុនក្នុងមួយសប្តាហ៍ ដើម្បីសន្សំប្រេងឥន្ធនៈបម្រុងទុកដែលមានចំនួនតិចតួចស្រាប់ ខណៈប្រទេសនេះកំពុងត្រៀមខ្លូន សម្រាប់សង្គ្រាមអូសបន្លាយនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ ២០២៦។

ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់បម្រើដល់ការនាំចេញប្រេងពិភពលោកប្រហែល ២០ភាគរយត្រូវរារាំងដោយអ៉ីរ៉ង់ ជាការសងសឹកចំពោះសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៉ីស្រាអែល ដែលឥឡូវនេះឈានដល់សប្តាហ៍ទី ៣។ លោក Prabath Chandrakeerthi អគ្គស្នងការទទួលបន្ទុកសេវាសំខាន់ៗ បាននិយាយថា ស្ថាប័នរដ្ឋនឹងដំណើរការត្រឹមតែ ៤ថ្ងៃក្នុងមួយសប្តាហ៍ ហើយចាប់ផ្តើមពីថ្ងៃពុធសប្តាហ៍នេះតទៅ។ វិធានការថ្មី​នេះ​ក៏​នឹង​អនុវត្ត​ចំពោះ​សាលារៀន និង​សាកលវិទ្យាល័យ​ផងដែរ ដោយ​គ្មាន​កាលកំណត់។

ប៉ុន្តែសេវាកម្មសំខាន់ៗ រួមទាំងមន្ទីរពេទ្យ កំពង់ផែ និងសេវាសង្គ្រោះបន្ទាន់ នៅបន្តដំណើរការដូចធម្មតា។ រដ្ឋាភិបាលបានស្នើឱ្យផ្អាកការរៀបចំវេទិការសាធារណៈទាំងអស់ និងសុំឱ្យមន្ត្រីរាជការធ្វើការពីផ្ទះតាមដែលអាចធ្វើទៅបាន។ ចាប់ផ្តើមតាំងពីថ្ងៃអាទិត្យមក នៅស្រីលង្កា ​អ្នកបើកបរ​ម្នាក់អាច​ចាក់សាំង ឬម៉ាស៊ូត​បានត្រឹម ១៥លីត្រ​ក្នុងមួយសប្តាហ៍ ខណៈមធ្យោបាយដឹកជញ្ជូន​សាធារណៈអាចចាក់បាន ២០០លីត្រ។

គួរបញ្ជាក់ថា ស្រីលង្កានាំចូលប្រេង ដើម្បីបំពេញតម្រូវការទាំងអស់របស់ខ្លួន ហើយទិញធ្យូងថ្មសម្រាប់ផលិតអគ្គិសនី។ ប្រេងចម្រាញ់រួចទិញមកពីសិង្ហបុរី ម៉ាឡេស៉ី និងកូរ៉េខាងត្បូង ខណៈប្រេងឆៅសម្រាប់ប្រើប្រាស់ក្នុងរោងចក្រចម្រាញ់ប្រេងរបស់អ៉ីរ៉ង់នៅស្រីលង្កា គឺមានប្រភពមកពីមជ្ឈិមបូព៌ា៕