អាហ្វហ្កានីស្ថាន អះអាងថាមនុស្ស ៤០០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ប៉ាគីស្ថាន តែប៉ាគីស្ថានប្រកែក (Video inside)
17-03-2026 10:18
(កាប៊ុល)៖ អ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាលតាលីបង់នៃប្រទេសអាហ្វហ្កានីស្ថាន នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ បានអះអាងថាមនុស្សយ៉ាងហោច ៤០០នាក់ត្រូវបាន សម្លាប់ និង២៥០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់ប៉ាគីស្ថានលើមន្ទីរពេទ្យស្ដារនីតិសម្បទានអ្នកប្រើប្រាស់គ្រឿងញៀនមួយកន្លែង នៅក្នុងរដ្ឋធានីកាប៊ុល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Hamdullah Fitrat ជាអ្នកនាំពាក្យរងរដ្ឋាភិបាលតាលីបង់ បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសខាងលើបានកើតឡើងនៅម៉ោង ៩នាទីយប់ កាលពីថ្ងៃចន្ទ និងបានកំណត់គោលដៅលើមន្ទីរពេទ្យមួយសម្រាប់ស្ដារនីតិសម្បទានអ្នកប្រើប្រាស់គ្រឿងញៀន។ «មួយផ្នែកធំនៃមន្ទីរពេទ្យនេះត្រូវបានបំផ្លាញ...ហើយចំនួនអ្នកដែលបានស្លាប់ មកទល់ពេលនេះបានកើនដល់ ៤០០នាក់ និង២៥០នាក់ផ្សេងទៀតរងរបួស»។ នេះជាការគូសបញ្ជាក់របស់លោក Hamdullah Fitrat។
ក៏ប៉ុន្តែខាងប៉ាគីស្ថានបានច្រានចោលការអះអាងរបស់រដ្ឋាភិបាលតាលីបង់ដោយចាត់ទុកជារឿងមិនពិត ហើយអះអាងថាខ្លួនបានដឹកនាំប្រតិបត្តិការវាយប្រហារកំណត់គោលដៅ ជាក់លាក់លើទីតាំងយោធា និងហេរដ្ឋារចនាសម្ព័ន្ធគាំទ្រពួកភេរវករតែប៉ុណ្ណោះ៕



