FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧស្សាហកម្មថ្នាំពេទ្យ អះអាងពីផលរំខានចំពោះការដឹកជញ្ជូនតាមផ្លូវអាកាស ដោយសារសង្រ្គាមមជ្ឈិមបូព៌ា (Video inside)

16-03-2026 16:57

(ឡុងដ៏)៖ សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងរំខានដល់លំហូរថ្នាំសំខាន់ៗ ទៅកាន់ប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស ដោយធ្វើឱ្យការផ្គត់ផ្គង់ថ្នាំព្យាបាលជំងឺមហារីក និងថ្នាំផ្សេងទៀតត្រូវជាប់គាំង បង្ខំឱ្យក្រុមហ៊ុននានាប្តូរផ្លូវហោះហើរ និងស្វែងរកការចូលទៅកាន់តំបន់នោះតាមផ្លូវគោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៦ ខែមីនា​ ឆ្នាំ ២០២៦។

យោងតាមការឱ្យដឹងពីនាយកប្រតិបត្តិក្រុមហ៊ុនមួយចំនួន មានសញ្ញាតិចតួចបង្ហាញពីកង្វះខាត ប៉ុន្តែស្ថានភាពអាចផ្លាស់ប្តូរ បើជម្លោះនៅតែបន្ត។ តំបន់ឈូងសមុទ្រពែក្ស ពឹងផ្អែកខ្លាំងលើការនាំចូលថ្នាំពេទ្យ ហើយចំពោះថ្នាំពេទ្យ ដែលមានសុពលភាពប្រើប្រាស់ខ្លី និងត្រូវការរក្សាទុកឱ្យបានត្រឹមត្រូវ ការដឹកជញ្ជូនតាមផ្លូវគោកដែលមានរយៈពេលយូរ គឺមិនសក្តិសមឡើយ។

នាយកប្រតិបត្តិក្រុមហ៊ុនផលិតឱសថ Western drugmakers និយាយថា ពួកគេកំពុងស្វែងរកផ្លូវជំនួស និងដឹកជញ្ជូនថ្នាំពេទ្យតាមផ្លូវគោក ចេញពីអាកាសយានដ្ឋានដូចជា Jeddah និង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។ ជម្រើសផ្សេងទៀតគឺទីក្រុងអ៉ីស្តង់ប៊ុល របស់តួកគីយ៉េ និងប្រទេសអូម៉ង់។ នាយកប្រតិបត្តិក្រុមហ៊ុនឱសថម្នាក់ទៀតនិយាយថា ខ្លួនបានបង្កើតក្រុមការងារផ្ទៃក្នុង ដើម្បីផ្តល់អាទិភាពដល់ការដឹកជញ្ជូនថ្នាំសម្រាប់ជំងឺធ្ងន់ធ្ងរ ដូចជាមហារីក ជាមួយការព្រមានថាការដឹកជញ្ជូនមិនបានត្រឹមត្រូវ នឹងប៉ះពាល់ដល់ប្រសិទ្ធភាពថ្នាំ។

ដោយសុំមិនបញ្ចេញឈ្មោះដូចគ្នា នាយកប្រតិបត្តិក្រុមហ៊ុនឱសថដទៃទៀត បានលើកឡើងថា ទំនិញមួយចំនួនពីអឺរ៉ុប-អាស៉ី ដែលជាធម្មតាឆ្លងកាត់អាកាសយានដ្ឋានឌូបៃ ឬដូហា កំពុងត្រូវបានផ្លាស់ប្តូរ ដោយធ្វើដំណើរតាមរយៈចិន ឬសិង្ហបុរីវិញ រីឯផ្លូវសមុទ្រមិនអាចអនុវត្តបានទេ ពីព្រោះត្រូវចំណាយពេលយូរ ក៏ដូចជាការបិទច្រកសមុទ្រ Hormuz ដោយអ៉ីរ៉ង់។ លោក Prashant Yadav អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសុខភាពសកល នៅក្រុមប្រឹក្សាទំនាក់ទំនងការបរទេស បាននិយាយថា បញ្ហាតម្លៃថ្នាំពេទ្យថ្លៃជាងពេលធម្មតា អាចនឹងមានប្រហែល ៣ខែដោយថ្នាំមហារីក គឺមានហានិភ័យខ្ពស់ជាងគេ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានធំៗនៅក្នុងតំបន់ រួមមានទីក្រុងឌូបៃ អាប៊ូដាប៊ី និងដូហា ត្រូវផ្អាកដំណើរការពេលខ្លះ ដោយសារតែការវាយប្រហាររបស់អ៉ីរ៉ង់ ដើម្បីសងសឹកនឹងការវាយប្រហាររបស់អ៉ីស្រាអែល-អាមេរិក។ ឌូបៃ និងដូហា គឺជាមជ្ឈមណ្ឌលដឹកទំនិញដ៏សំខាន់ ដែលតភ្ជាប់អឺរ៉ុបជាមួយអាស៉ី និងអាហ្វ្រិក៕