រុស្ស៉ី ថាអ៊ុយក្រែនវាយប្រហារទីក្រុងមូស្គូ ដោយដ្រូនរាប់រយគ្រឿង កាលពីថ្ងៃចុងសប្តាហ៍ (Video inside)
16-03-2026 15:45
(មូស្គូ)៖ នៅថ្ងៃចន្ទនេះ រុស្ស៉ីបានអះអាងថា កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ អ៊ុយក្រែនបានវាយប្រហារទីក្រុងមូស្គូ ដោយប្រើដ្រូនជាង ១០០គ្រឿង បន្ទាប់ពីរលកនៃការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយ kamikaze ត្រូវបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៉ី ក្នុងពេលហោះចូលមក។ នេះបើយោងតាមការចញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ ២០២៦។
តួលេខនេះ ត្រូវបានរាយការណ៍ដោយអភិបាលក្រុងមូស្គូ លោក Sergei Sobyanin ក្រោមការបាញ់ទម្លាក់រយៈពេល ២ថ្ងៃ។ កាសែតរុស្ស៉ី TASS បានដកស្រង់ប្រភពពីក្រសួងការពារជាតិ ថាដ្រូន ១៤៥គ្រឿងត្រូវបាញ់ទម្លាក់ក្នុងពេលមួយយប់ រួមទាំង ៥៣គ្រឿងឆ្ពោះមកទីក្រុងមូស្គូ។
អាកាសចរណ៍រុស្ស៉ី បានឱ្យដឹងថា អាកាសយានដ្ឋានធំៗរបស់ទីក្រុងមូស្គូ បានដាក់កំហិតលើការហោះហើរ នៅពេលដែលមានការវាយប្រហារនោះ។ ទីក្រុងមូស្គូ រួមទាំងតំបន់ជុំវិញ ដែលមានប្រជាជនប្រហែល ២២លាននាក់។ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីអ៊ុយក្រែនទេ៕


