FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់ ប្រេីមីស៉ីលស៊េរីទំនេីប វាយប្រហារលេីគោលដៅអ៉ីស្រាអែល និងអាមេរិក (Video inside)

16-03-2026 10:28

(តេហេរ៉ង់)៖ អ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនា ត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់មីស៊ីលផ្លោងទំនើបបំផុតមួយរបស់ខ្លួន ឈ្មោះ Sejjil ដោយកំណត់គោលដៅលើទីតាំងពាក់ព័ន្ធជាមួយអ៉ីស្រាអែល និងសហរដ្ឋអាមេរិក ហេីយវាគឺជាលើកដំបូងគិតចាប់តាំងពីសង្គ្រាមផ្ទុះឡេីង។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក The Economy Times និងសារព័ត៌មានឥណ្ឌា NDTV។

Sejjil គឺជាមីស៉ីលផ្លោងដំណេីរការដោយឥន្ធនៈរឹង និងអាចបាញ់ចេញបានពីរដំណាក់ ជាមួយកម្លាំងរុញច្រានខ្លាំង។ បច្ចេកវិទ្យាឥន្ធនៈរឹង អនុញ្ញាតឱ្យមីស៉ីលបាញ់ចេញបានលឿនជាង បើប្រៀបធៀបជាមួយប្រព័ន្ធឥន្ធនៈរាវ ហើយប្រេីពេលតិចសម្រាប់រៀបចំ និងធ្វើឱ្យសត្រូវពិបាករកឃើញ ឬស្ទាក់បំផ្លាញមុនពេលបាញ់បង្ហោះ។

ផលិតឡេីងនៅក្នុងប្រទេសអ៉ីរ៉ង់ Sejjil គឺជាមីស៉ីលបាលីស្ទិករយៈចម្ងាយមធ្យម (MRBM)។ ជាមួយនិងចម្ងាយប៉ាន់ស្មានប្រហែល ២ ០០០គីឡូម៉ែត្រ វាមានសមត្ថភាពវាយប្រហារគោលដៅនៅទូទាំងមជ្ឈិមបូព៌ា រួមទាំងអ៉ីស្រាអែល ក៏ដូចជាផ្នែកខ្លះនៃអឺរ៉ុប និងអាស៉ីផងដែរ។

សង្រ្គាមដែលកំពុងរាលដាលនៅមជ្ឈិមបូព៌ា បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអ៉ីស្រាអែល និងសហរដ្ឋអាមេរិកបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៉ីរ៉ង់ ស្របពេលអំពាវនាវឱ្យពលរដ្ឋអ៉ីរ៉ង់ ប្រឈមមុខនឹងរបបដឹកនាំនៃទីក្រុងតេហេរ៉ង់។

អ៉ីរ៉ង់ បាននិងកំពុងសឹងសឹកដោយការវាយ ប្រហារផ្តោតលើអ៉ីស្រាអែល ក៏ដូចជាទីតាំងនានាក្នុងប្រទេសនៃតំបន់ឈូងសមុទ្រពែក្ស ដែលមានមូលដ្ឋានយោធាអាមេរិក។ ការប្រយុទ្ធគ្នាដែលឈានចូលដល់សប្តាហ៍ទី ៣ហើយនោះ បានរំខានដល់ចរាចរណ៍ធ្វេីដំណើរតាមផ្លូវអាកាសជាសកល ប៉ះពាល់ដល់ការដឹកជញ្ជូនប្រេងចេញពីតំបន់ និងជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងនៅទូទាំងពិភពលោក៕