FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ ថាកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង អាចពន្យារពេល ដោយរង់ចាំចម្លើយជុំវិញការជួយបើកច្រកសមុទ្រ Hormuz (Video inside)

16-03-2026 09:44

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា គម្រោងបើកកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ខាងមុខនេះ អាចនឹងត្រូវពន្យារពេល ខណៈដែលលោកព្យាយាមស្វែងរកការជួយ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ចំពោះមុខសង្រ្គាមដែលកំពុងបន្តក្តៅគគុកជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦។

លោក ត្រាំ គ្រោងចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាចុងខែមីនានេះ ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយលោក ស៉ី។ ប៉ុន្តែឥឡូវនេះ ក្នុងកិច្ចសម្ភាសមួយចេញផ្សាយដោយកាសែត Financial Times កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីអាមេរិក បាននិយាយថា លោកចង់ដឹងឱ្យច្បាស់សិន ពីចម្លើយក្នុងការជួយបើកច្រកសមុទ្រ Hormuz មុនកិច្ចប្រជុំកំពូលនោះ។ លោក ត្រាំ បានបន្ថែមថា វាអាចនឹងពន្យារពេល ហើយមិនច្បាស់ថា នឹងយូរប៉ុនណាឡើយ។

គួរបញ្ជាក់ថា សង្រ្គាមនៅមជ្ឈិមបូព៌ា បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលអាមេរិកនិងអ៉ីស្រាអែល រួមគ្នាដៃគ្នាវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់។ អ៉ីរ៉ង់ បាននិងកំពុងសងសឹកវិញ ដោយការវាយប្រហារផ្តោតលើអ៉ីស្រាអែល ក៏ដូចជាទីតាំងនានាក្នុងប្រទេសនៃតំបន់ឈូងសមុទ្រពែក្ស ដែលមានមូលដ្ឋានយោធាអាមេរិក។ ការប្រយុទ្ធគ្នា ដែលឈានចូលដល់សប្តាហ៍ទី ៣ហើយនោះ បានរំខានដល់ចរាចរណ៍ធ្វើដំណើរតាមផ្លូវអាកាសជាសកល ប៉ះពាល់ដល់ការដឹកជញ្ជូនប្រេងចេញពីតំបន់ និងជំរុញឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃនៅទូទាំងពិភពលោក៕