FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យការធ្វើតេស្ដប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះមានសមត្ថភាពនុយក្លេអ៊ែរ

15-03-2026 09:50

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA​ នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថាកូរ៉េខាងជើងបានធ្វើតេស្ដប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះមានសមត្ថភាពនុយក្លេអ៊ែរ មួយថ្ងៃបន្ទាប់ពី កូរ៉េខាងត្បូងចាប់បានសញ្ញាថាទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីល១០គ្រាប់ចូលក្នុងសមុទ្រជប៉ុនកាលពីថ្ងៃសៅរ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការធ្វើតេស្ដនេះធ្វើឡើងនៅបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៩ ខែមីនា។ តាម KCNA​ លោក គីម ជុងអ៊ុនបានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់លើការធ្វើតេស្ដបាញ់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ (MRLS) កាលពីថ្ងៃសៅរ៍ម្សិលមិញ។ ក្នុងការធ្វើតេស្ដនេះកូរ៉េខាងជើងបានប្រើប្រាស់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតកាណុង ៦០០មីលីម៉ែត្រ ចំនួន ១២គ្រឿង។

KCNA បានបន្ថែមទៀតថាលោក គីម ជុងអ៊ុន បាននិយាយថាសមយុទ្ធខាងលើបានធ្វើឱ្យសត្រូវរបស់កូរ៉េខាងជើងដែលសិ្ថតនៅរយៈចម្ងាយបាញ់ ៤២០គីឡូម៉ែត្រ កំពុងភ័យដេកមិនលក់ ព្រោះពួកគេបានដឹងយ៉ាងច្បាស់ពីទំហំនៃការបំផ្លិចបំផ្លាញនៃអាវុធនុយក្លេអ៊ែរតាក់តិក។

គួរបញ្ជាក់ថា KCNA​ ក៏បានបញ្ចេញរូបថតកូនស្រីរបស់លោក គីម ជុងអ៊ុន ឈ្មោះ Ju Ae ដែលបានអមដំណើរទៅជាមួយឪពុកត្រួតពិនិត្យការធ្វើតេស្តប្រព័ន្ធអាវុធខាងលើផងដែរ។ ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ បានវាយប្រហារលើគោលដៅស្ថិតនៅចម្ងាយ៣៦០គីឡួម៉ែត្រដែលគេបានរៀបចំនៅលើកោះមួយនៃសមុទ្រខាងកើត ឬសមុទ្រជប៉ុន៕