FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូងនិងអាមេរិក ពិភាក្សាអំពីលទ្ធភាពបើកកិច្ចចរចាឡើងវិញរវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន

14-03-2026 21:51

(វ៉ាស៉ីនតោន)៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Kim Min-seok និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជជែកអំពីលទ្ធភាពនៃការបើកកិច្ចពិភាក្សាឡើងវិញ រវាងលោក ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦។

អំឡុងជំនួបនៅទីក្រុងវ៉ាស៉ីនតោន លោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានប្រាប់លោក ត្រាំ ថារូបលោកគឺជាមេដឹកនាំលោកខាងលិច​តែមួយគត់ ដែលធ្លាប់សន្ទនាជាមួយលោក គីម ជុងអ៊ុន ហើយបច្ចុប្បន្នគឺជាបុគ្គលតែម្នាក់គត់ ដែលអាចដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េបាន។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងវ៉ាស៉ីនតោន លោក Kim Min-seok បាននិយាយដូច្នេះថា «លោកប្រធានាធិបតី ត្រាំ បានលើកឡើងថា រូបលោកឆ្ងល់ថាតើ លោក គីម ចង់ពិភាក្សាជាមួយអាមេរិក ឬជាមួយលោកដែរឬអត់ ហើយបានសាកសួរអំពីទស្សនៈរបស់ខ្ញុំជុំវិញរឿងនេះ»។

លោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង មិនបានបង្ហើបឱ្យដឹងថា រូបលោកបានផ្តល់យោបល់ជាក់លាក់បែបណាទៅកាន់លោក ត្រាំ នោះឡើយ ប៉ុន្តែ​បានប្រាប់លោក ត្រាំ ថា ការអត្ថាធិប្បាយនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង បង្ហាញសញ្ញាថា លោក គីម ប្រហែលបើកចំហចំពោះកិច្ចសន្ទនាជាមួយអាមេរិក ហើយបើតាមលោក Kim Min-seok លោកប្រធានាធិបតីអាមេរិក បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងលើប្រធានបទនេះ។

គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់ជួបសន្ទនាជាមួយលោក គីម ជុងអ៊ុន បាន៣លើក កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដើម្បីចរចាអំពី​ការធ្វើឱ្យប្រសើរឡើងទំនាក់ទំនង និងអំពីគន្លងផ្លូវសម្រាប់ឱ្យទីក្រុងព្យុងយ៉ាង បិទបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរ ប៉ុន្តែកិច្ចពិភាក្សានោះ បានជាប់គាំងរហូតមក ចាប់តាំងពីលោក ត្រាំ ចាញ់ឆ្នោតកាលពីឆ្នាំ២០២០។ លោក ដូណាល់ ត្រាំ បានត្រឡប់មកកាន់អំណាចជាថ្មី កាលពីដើមឆ្នាំ២០២៥៕