FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ ជឿថាមេដឹកនាំកំពូលអ៉ីរ៉ង់ថ្មី ប្រហែលនៅមានជីវិតមែន ប៉ុន្តែរងរបួសធ្ងន់ (Video inside)

13-03-2026 15:12

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកគិតថា មេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ លោក Mojtaba Khamenei គឺប្រហែលជានៅមានជីវិតមែន ប៉ុន្តែរងរបួសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ Reuters នាថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦។

លោក Mojtaba Khamenei គឺជាកូនប្រុសរបស់អតីតមេដឹកនាំកំពូល លោក Ali Khamenei ដែលបានបាត់បង់ជីវិត កាលពីថ្ងៃដំបូងនៃសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងប្រទេសអ៉ីរ៉ង់។ ចាប់តាំងពីត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលថ្មី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនមក លោក Khamenei ពុំទាន់បានបង្ហាញវត្តមានសាធារណៈទេ ហើយសេចក្តីថ្លែងការណ៍ដំបូងរបស់លោក ត្រូវបានអានដោយពិធីករទូរទស្សន៍ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

កាលពីពុធ មន្រ្តីអ៉ីរ៉ង់ម្នាក់បានអះអាងប្រាប់ Reuters ថា លោក Khamenei បានរងរបួសតែមិនធ្ងន់ធ្ងរទេ ហើយកំពុងបន្តបំពេញការងារ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អាមេរិក Fox News ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បាននិយាយថា លោក Mojtaba Khamenei ប្រហែលជានៅរស់ ប៉ុន្តែអាចរងរបួសធ្ងន់។

ក្នុងសេចក្តីថ្លែងការណ៍លើកដំបូង លោក Khamenei បានប្តេជ្ញាបន្តការបិទច្រកសមុទ្រ Hormuz ហើយទាមទារ​ឱ្យបណ្តាប្រទេសជិតខាងបិទមូលដ្ឋានទ័ពរបស់អាមេរិក នៅក្នុងទឹកដីរបស់ពួកគេ ព្រោះបើពុំដូច្នោះ អ៉ីរ៉ង់នឹងបន្តកំណត់គោលដៅលើ​ពួកគេ។

គួរបញ្ជាក់ថា អាមេរិកនិងអ៉ីស្រាអែល បានបើកការវាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ នាំឱ្យអ៉ីរ៉ង់សងសឹកវិញ ដោយវាយប្រហារ​លើ អ៉ីស្រាអែលនិងក្រុមប្រទេសតំបន់ឈូងសមុទ្រ ដែលមានមូលដ្ឋានអាមេរិក។ ស្របពេលសង្រ្គាមឈានជិតដល់គម្រប់២សប្តាហ៍ ព្រមទាំងបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យញ័ររញ្ជួយទីផ្សារពិភពលោក មេដឹកនាំអាមេរិក អ៉ីស្រាអែល និងអ៉ីរ៉ង់ សុទ្ធតែបង្ហាញជំហរ​មិនចុះញ៉មរៀងៗខ្លួន ហើយប្តេជ្ញាបន្តការប្រយុទ្ធ៕