FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកវាយប្រហារលើសាលាបឋមសិក្សានៅអ៉ីរ៉ង់ សម្លាប់មនុស្សជាង១៥០នាក់ ដោយសារការកំណត់គោលដៅច្រឡំ (Video inside)

12-03-2026 13:49

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី១១ ខែមីនា កាសែតអាមេរិក The New York Times បានរាយការណ៍ថា សហរដ្ឋអាមេរិក បានបាញ់មីស៉ីល Tomahawk វាយប្រហារចំលើសាលាបឋមសិក្សាអ៉ីរ៉ង់មួយកន្លែង ដោយសារតែកំហុសនៃការកំណត់គោលដៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ផ្អែកលើប្រភពពីមន្រ្តីរដ្ឋាភិបាលអាមេរិកផ្ទាល់ New York Times បានរាយការណ៍ថា ការស៉ើបអង្កេតករណីវាយប្រហារខាងលើ ដែលកើតឡើងអំឡុងថ្ងៃដំបូងនៃសង្រ្គាមប្រឆាំងអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ គឺកំពុងបន្តប្រព្រឹត្តទៅ ប៉ុន្តែការរកឃើញជាបឋមបង្ហាញថា សហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវ។

បើតាម New York Times អគារសាលារៀននោះ ធ្លាប់ជាផ្នែកនៃមូលដ្ឋានយោធាអ៉ីរ៉ង់ ដែលអាមេរិកជ្រើសរើសវាយប្រហារ ហើយ​លេខទីតាំងភូមិសាស្រ្តគោលដៅ ត្រូវបានកំណត់ដោយប្រើប្រាស់ទិន្នន័យចាស់។ ក្រុមអ្នកស៉ើបអង្កេត នាពេលនេះ កំពុងតែបន្តស៉ើបថា តើហេតុអ្វីដែលជាព័ត៌មានចាស់ត្រូវបានប្រើប្រាស់ ហើយនរណាដែលពុំបានផ្ទៀងផ្ទាត់ទិន្នន័យឱ្យច្បាស់លាស់។

New York Times បានបន្តថា សាលារៀនខាងលើ ស្ថិតនៅក្នុងប្លុកតែមួយ ជាមួយអគារនានាដែលត្រូវបានប្រើប្រាស់ដោយ​កងទ័ពជើងទឹករបស់ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ហើយទីតាំងសាលាផ្ទាល់ ដំបូងឡើយគឺជាផ្នែកនៃមូលដ្ឋាននោះ។ ប៉ុន្តែក្រោយមក អគារដែល​បម្រើជាសាលារៀន ត្រូវបានហ៊ុមព័ទ្ធផ្តាច់ចេញមូលដ្ឋានយោធា តាំងពីចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៦មកម្ល៉េះ។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់អ៉ីរ៉ង់ ការវាយប្រហាររបស់អាមេរិកលើសាលារៀននោះ ដែលស្ថិតក្នុងទីក្រុង Minab ភាគខាងត្បូងប្រទេស បានផ្តាច់ជីវិតមនុស្សច្រើនជាង១៥០នាក់ ភាគច្រើនគឺជាកូនសិស្ស៕