អាមេរិកបញ្ជូនយន្តហោះយោធាហោះកាត់ពីលើច្រកសមុទ្រតៃវ៉ាន់ មុនគម្រោងទស្សនកិច្ចរបស់លោក ត្រាំ មកកាន់ប្រទេសចិន នាចុងខែនេះ (Video inside)
12-03-2026 13:14
(តៃប៉ិ)៖ យន្តហោះយោធា P-8A Poseidon ១គ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធ ទី១១ ខែមីនា ក្នុងសកម្មភាពមួយ ដែលទីក្រុងវ៉ាស៉ីនតោនអះអាងថា ជាការបង្ហាញពីការប្តេជ្ញារបស់ខ្លួនចំពោះតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរីនិងបើកចំហ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការចល័តយន្តហោះខាងលើធ្វើឡើង មុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន នាចុងខែនេះ ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉េកាំង ចង់ស្តារស្ថិរភាពទំនាក់ទំនងឡើងវិញ ក្រោយមានបញ្ហាជាច្រើនដូចជាតៃវ៉ាន់ ជម្លោះពាណិជ្ជកម្ម និងការរឹតត្បិតបច្ចេកវិទ្យា។
កងកម្លាំង 7th Fleet នៃកងទ័ពជើងទឹកអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «តាមរយៈការធ្វើប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់ ដោយស្របតាមច្បាប់អន្តរជាតិ សហរដ្ឋអាមេរិក រក្សាការពារសិទ្ធិនិងសេរីភាពនៃការធ្វើដំណើររបស់ប្រជាជាតិនានា»។ ដោយឡែក យោធាចិនបាននិយាយថា ខ្លួនបានតាមដានសកម្មភាពយន្តហោះអាមេរិកយ៉ាងដិតដល់ អំឡុងពេលហោះហើរឆ្លងកាត់នោះ។
គួរបញ្ជាក់ថា នាវានិងយន្តហោះយោធាអាមេរិក តែងធ្វើដំណើរជាប្រចាំឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកនៅចន្លោះប្រទេសចិន និងកោះតៃវ៉ាន់ ហើយជារឿយៗ នាំឱ្យមានប្រតិកម្មមិនពេញចិត្តពីទីក្រុងប៉េកាំង។ ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ដូច្នេះហើយចិនក៏មានយុត្តាធិការលើច្រកសមុទ្រតៃវ៉ាន់ដែរ។ ប៉ុន្តែតៃវ៉ាន់និងអាមេរិក បានប្រកែកថា វាគឺជាច្រកផ្លូវទឹកអន្តរជាតិ។ ចិនតែងតែព្រមានជានិច្ចថា បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុង និងជាបញ្ហាស្នូលបំផុតនៃផលប្រយោជន៍របស់ទីក្រុងប៉េកាំង ហើយជាបន្ទាត់ក្រហមដែលមិនត្រូវឈានជើងរំលង ឬជាន់ឈ្លីដាច់ខាត៕
